ទៅលេងលើខ្នងភ្នំគូលែនកុំភ្លេចចូលកម្សាន្តរមណីយដ្ឋានស្រះដំរី
ខេត្តសៀមរាប ៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន គឺជាទីតាំងប្រវត្តិសាស្រ្ត និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា ។ លើខ្នងភ្នំមួយកន្លែងនេះគឺជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែបដែលគេអាច ទស្សនាទីតាំងប្រវត្តិសាស្រ្ត និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា។
ទីតាំងដ៏ពិសិដ្ឋមួយនេះបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណ និងទឹកធ្លាក់គួរជាទីកម្សាន្តមនោរម្យជាច្រើនកន្លែងទៀត។ ក្នុងចំណោមប្រាសាទបុរាណដែលបន្សល់ទុកពីដូនតាខ្មែរ ហើយកំពុងទទួលបានការចាប់អារម្មណ៍នៅលើខ្នងភ្នំនេះមួយដែរគឺ រមណីយដ្ឋាន ស្រះដំរី ជាអតីតដែនដីរាជធានីបុរាណ «មហិន្ទ្របពត៌» ។ «ស្រះដំរី» មានចម្ងាយប្រមាណ ៩គីឡូម៉ែត្រ ពីព្រះអង្គធំ ដោយអ្នកដំណើរត្រូវធ្វើដំណើរតាមម៉ូតូឆ្លងកាត់ព្រៃ ថ្ម និងទីវាលនៅលើខ្នងភ្នំគូលែនប្រមាណ ៣០នាទី។
នៅបរិវេណស្រះដំរីគេឃើញមានចម្លាក់រូបដំរីដ៏ធំមួយ ហើយក្បែរខាងស្តាំដៃដំរីនេះក៏មានសត្វតោ ខ្លា គោ និងឃឿនថ្មបាយក្រៀម ត្រូវបានរចនាឡើងពីថ្មភ្នំធម្មជាតិដែលបានបន្សល់ទុកពីដូនខ្មែរយើងមក។ទីកន្លែងនេះហើយបានក្លាយជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង និងដំណើរកម្សាន្តក្នុងព្រៃភ្នំ។
លោក ថន រដ្ឋា គឺជាអ្នកមើលការខុសត្រូវទីកន្លែងនេះបានប្រាប់ឱ្យដឹងថា ស្រះដំរី បច្ចុប្បន្នបានក្លាយជាទីតាំងទេសចរណ៍ពេញនិយម និងក៏ជាទីសក្ការៈ សម្រាប់អ្នកមានជំនឿដែលតែងតែមកគោរពបូជានៅទីនេះទៀតផង។
ទាក់ទិនទៅនឹងប្រវត្តិនៅកន្លែងនេះលោកបានរៀបរាប់ប្រាប់ថា កាលដើមឡើយទីនេះមានស្រះមួយនៅចំពីមុខសត្វដំរី ជាប្រភពទឹក ហើយទីតាំងនេះ ជាទីសក្ការៈបូជាមួយ ដែលកសាងនៅចុងសតវត្សទី៨ ដើមសតវត្សទី៩ ។ ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរមិនថាខ្មែរ ឬបរទេសទេ ដែលចូលមកកម្សាន្តទីនេះតែងបន់ស្រន់សុំសេចក្តីសុខ និងថតរូបទុកជាអនុស្សាវរីយ៍ឥតសូវដាច់។
គួរបញ្ជាក់ថាទីតាំងបរិវេណ ស្រះដំរី ត្រូវបានអ្នកស្រាវជ្រាវជនជាតិបារាំងលោក ប៊ូលបេ (J. Boulbet) សន្និដ្ឋានថាបានកសាងនៅសម័យគូលែននាដើមសតវត្សទី៩។
ការធ្វើដំណើរទៅកម្សាន្តស្រះដំរី គឺគេមិនអាចជិះរថយន្តចូលទៅបានឡើយ ពោលគឺចាំបាច់ត្រូវជិះម៉ូតូប្រជាសហគមន៍ដោយជួលពួកគាត់ក្នុងតម្លៃ៥ទៅ១០ដុល្លារពីព្រោះថាវាស្ថិតនៅលើខ្នងភ្នំដែលសម្បូរទៅដោយព្រៃនិងផ្លូវចោទឡើងចុះជាច្រើនតំណាក់ទើបទៅដល់។
ដោយឡែកក្នុងដំណើរបំពេញទស្សនកិច្ចនៃការអនុវត្តគម្រោង “ និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”ទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននិងបឹងទន្លេសាបនាពេលថ្មីៗមកនេះ លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថានបានឱ្យដឹងថា មានសហគមន៍ចំនួន ៥ ដែលកំពុងទទួលផលប្រយោជន៍ពីគម្រោងនេះ”។
លោកបានមានប្រសាសន៍ថា គម្រោងមួយនេះគឺបានសិក្សាទៅលើផ្លូវតភ្ជាប់ ដែលមានទាំងក្នុងសហគមន៍ និងផ្លូវដើរព្រៃ។ក្រៅពីនេះគេកំពុងសិក្សាទៅលើផ្ទាំងដែនទេសភាព ដើម្បីកំណត់ថា តំបន់ណាដែលជាកន្លែងមានសក្តានុពលសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឱ្យវិស័យឯកជនចូលមកវិនិយោគ ពិសេសគម្រោងអេកូទេសចរណ៍ខ្នាតតូច ។
លោក ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថានបានឱ្យដឹងដែរថា”តាមរយៈគម្រោងនេះយើងនឹងពិនិត្យមើលទៅលើទឹកស្អាត អនាម័យ ។ ជាមួយគ្នាយើងនឹងគាំទ្រដល់សហគមន៍នានាដើម្បីរៀបចំអេកូទេសចរណ៍កម្រិតសហគមន៍ ដើម្បីសំដៅលើកស្ទួយជីវភាពគ្រួសាររបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត៕ដោយ៖ម៉ាដេប៉ូ