អង្គការភ្លែន និង ឌីជេ ណាណា បង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រីនៅកម្ពុជា
ភ្នំពេញ ៖ ដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រីនៅកម្ពុជាអង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN) បានចុះ អនុស្សារណៈនៃការយោគយល់គ្នា (MoU)ឡើងវិញជាមួយពិធីការិនី និង ជាអ្នកសម្បូរវោហាស័ព្ទឌីជេ ណាណា ជាទូតកិត្តិយសរបស់អង្គការភ្លែន រយៈពេល ២ឆ្នាំបន្ថែមទៀតពោលគឺចាប់ពីខែកក្កដា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាថ្ងៃទី ២០ ខែកក្កដាឆ្នាំ២០២២នេះ។
ឌីជេ ណាណា មានឈ្មោះដើម នាង សុវ៉ាតនា ជាពិធីការិនីដែលមានប្រជាប្រិយភាព ហើយលេចធ្លោក្នុងបណ្ដេញសង្គម តែងតែផ្តល់ចំណេះដឹង ការលើកទឹកចិត្តស្ត្រី និងយុវវ័យ ដែលគេរំពឹងថា តាមរយៈការចុះអនុស្សារណៈការយោគយល់នេះនឹងជួយដល់ការផ្សព្វផ្សាយ ក៏ដូចជាអប់រំក្នុងការលុបបំបាត់ការរំលោភបំពានលើសិទ្ធកុមារ ក៏ដូចជាលើកកម្ពស់សិទ្ធកុមារកាន់តែប្រសើរឡើងថែមទៀត។
លោកស្រី គ្វីន នេតវ៉ង នាយិការប្រចាំប្រទេសកម្ពុជានៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានឱ្យដឹងថា អង្គការភ្លេនបានចាប់ផ្តើមបេសកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងតែពីឆ្នាំ ២០០២មក និងជាស្ថាប័អភិវឌ្ឍន៍ និងមនុស្សធម៌មួយធ្វើការងារលើកកម្ពស់សិទ្ធិ៍កុមារនិងសមភាពក្មេងស្រីអស់រយៈពេល ៨៥ឆ្នាំមកហើយនៅក្នុង ៧៥ប្រទេស ។ យើងខិតខំប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មួយ ធ្វើការជាមួយកុមារ និងប្រជាជនវ័យក្មេង ជាពិសេស ក្មេងស្រី ស្ថាប័នរាជរដ្ឋាភិបាលនិងដៃគូអនុវត្ត។
លោកស្រីបានបន្តឱ្យដឹងថា”សម្រាប់អង្គការភ្លែនអន្តរជាតិកម្ពុជានេះដែរគឺ យើងមានបេសកកម្មផ្តោតសំខាន់លើការកាត់បន្ថយគម្លាតនៃសមភាពយេនឌ័រ ដោយចាប់ផ្តើមពីដំណាក់កាលដំបូងនៃជីវិតក្នុងចំណោមកុមារ និងឪពុកម្តាយរបស់ពួកគេ។ ក្មេងស្រី និងស្ត្រីមានចំនួនច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅលើភពផែនដីនេះ។ ដូច្នេះហើយយើងត្រូវការការចូលរួមយ៉ាងសកម្មដើម្បីរួមចំណែកក្នុងដំណោះស្រាយបញ្ហានានាដែលកំពុងកើតមានឡើងទៅលើជីវិតរបស់ពួកគេ។ អង្គការភ្លែនអន្តរជាតិកម្ពុជា និង ឌីជេ ណាណា ប្តេជ្ញាចិត្តជាមួយគ្នាថា ពួកយើងនឹងរួមគ្នាលើកកម្ពស់សមភាពយេនឌ័រក្នុងចំណោមក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ក្នុងប្រទេសកម្ពុជា”។
ក្នុងពិធីនេះដែរឌីជេ ណាណា បានបង្ហាញការប្តេជ្ញាចិត្តធ្វើជាទូតកិត្តិយសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជារយៈពេលពីរឆ្នាំបន្ថែមទៀត ចាប់ពីខែកក្កដា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ៕ដោយ៖ម៉ាដេប៉ូ