អភិបាលរាជធានីភ្នំពេញ ជម្រុញឱ្យមន្ទីរកសិកម្ម និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ពិនិត្យ និងមើលថែដើមឈើឱ្យបានល្អ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ពិនិត្យ មើលថែដើមឈើគ្រប់ប្រភេទដែលបានដាំរួចនៅក្នុងរាជធានីភ្នំពេញអោយបានល្អ ពិសេសត្រូវជួយបំផុសប្រជាពលរដ្ឋអោយពួកគាត់ចេះស្រលាញ់និងមើលថែដើមឈើផងកុំសម្លាប់ដើមឈើ ។
ការជម្រុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះក្នុងពិធីដាំដើមឈើអបអរសាទរ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២២ នៅបរិវណវត្តភ្នៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅរាជធានីភ្នំពេញ ថ្វីត្បិតតែពុំមានផ្ទៃដីទំនេរ មានទំហំធំសម្រាប់ដាំឈើ ជាចម្ការក៏ពិតមែន តែពិធីនេះតែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដូចបណ្តាខេត្តនានាទូទាំងប្រទេសដែរ លើកលែងតែឆ្នាំ២០២០ និង២០២១ ដែលពិធីនេះត្រូវអាក់ខាន ដោយសារការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ។ ពាក់ព័ន្ធនិងជម្ងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការនានា រួមទាំងវិធាន ការ៣ និង៣ការពារ ដើម្បីទប់ស្កាត់ ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ រហូតធ្វើឱ្យប្រទេសកម្ពុជា បានរួចផុតពីវិបត្តិនៃជំងឺរាតត្បាតនេះ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពបណ្តុះកូនឈើ និងចែកចាយកូនឈើជូនសាធារណជន អង្គភាពសាធារណៈ សាលារៀន វត្តអារាម សម្រាប់យកទៅដាំ ត្រូវបានអនុវត្ត ជាធម្មតាស្របតាមរដូវកាលដាំដុះមិនមានការអាក់ខានឡើយ ដោយគ្រាន់តែមិនមានការជួបជុំគ្នាប្រារព្ធពិធីប៉ុណ្ណោះ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា នៅភ្នំពេញ យើងបានត្រៀមដើមឈើចំនួន២សែនដើម ដើម្បីដាំនៅឧទ្យាន ។ សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ ក្នុងការ ពិនិត្យ មើលថែដើមឈើគ្រប់ប្រភេទដែលយើងបានដាំរួច ព្រោះមានមនុស្សខ្លះ លួចសម្លាប់ដើមឈើរបស់យើង។ នេះជាបញ្ហាមួយដែលយើងត្រូវតែយកចិត្តទុកដាក់ មើលថែដើមឈើអោយបានម៉ត់ចត់។
លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ រុក្ខទិវា ត្រូវប្រារឰធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជា ធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។ ការរៀបចំពិធីអបអរសាទរទិវាដាំដើមឈើជាប្រពៃណីជាតិឆ្នាំនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានកំណត់យកបរិវេណ វត្តឆ្លៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ប្រារព្ធពិធី ។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ពីធីដាំដើមឈើអបអរសាទរពិធីរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០១៩ ត្រូវបានធ្វើឡើងនៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) តែសម្រាប់ពិធី ឆ្នាំនេះ យើងដាំដើមឈើចម្រុះប្រភេទ (មានក្រញូង ធ្នង់ នាងនួន បេង គគីរ ឈើទាល គីនីន ច្រេស កកោះ សាគូរ៉ា ត្នោត ក្ងោក អំពិលបារាំង ឥន្ទនេល រាំងភ្នំ រាំងទឹក និងដើមពោធិ៍) សរុបចំនួន ១ ០៧២ដើម ។ លើសពីនេះ យើងបានដាំដើមឈើចំនួន ៣ ១១៦ដើម ទៀត នៅតាមបណ្តាវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈនានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខណ្ឌរដ្ឋបាលព្រៃឈើ ភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានធ្វើការបណ្តុះកូនឈើជាច្រើនប្រភេទ ចំនួនប្រមាណ ៣០០០០ដើមក្នុង១ឆ្នាំ សម្រាប់ទុកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋយកទៅដាំ ដែល សម្រាប់ឆ្នាំ២០២២ ដោយគិតត្រឹមដំណាច់ខែមិថុនានេះ យើងមានកូនឈើទុកត្រៀមសម្រាប់ចែកជូនដល់សាលា រៀន វត្តអារាម សាលាខណ្ឌ គ្រឹះស្ថានសាធារណៈ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០ ០០០ដើម៕ ដោយ ហេង សម្បត្តិ