អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងខេត្តបាង់ដំបង ស៊ូទ្រាំលំបាកបន្តិចតែកុំឲ្យលំបាកច្រើនដង
ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅតាមដងផ្លូវចំនួន ០២ខ្សែ ដែលស្ថិតក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលបាននិងកំពុងតែអនុវត្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការស្ថាបនានូវប្រព័ន្ធលូរំដោះទឹកកខ្វក់ឲ្យបានរួចរាល់សិន ខណៈដែលបងប្អូនរស់នៅក្នុងតំបន់អនុវត្តគម្រោងនេះ ជួបបញ្ហាប្រឈមមួយចំនួន ក្នុងការធ្វើដំណើរឆ្លងកាត់ចេញចូលផ្ទះសម្បែងរបស់ខ្លួននៅទីនោះ ហើយម្យ៉ាងវិញទៀត ដោយសារតែរដូវភ្លៀងធ្លាក់ផងនោះ កាន់តែធ្វើឲ្យបងប្អូនជួបការលំបាកខ្លះៗ ជាក់ជាមិនខាន ដូចនេះសូមបងប្អូនមេត្តាយោគ យល់ អយ្យាស្រ័យ។
ការអំពាវនាវបែបនេះ ខណៈដែលឯកឧត្តមអភិបាលខេត្តបានដឹកនាំមន្ត្រីស្ថាប័នមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ជាពិសេសមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត ដៃគូតំណាងម្ចាស់ជំនួយ ADB និងអ្នកអនុវត្តគម្រោង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ខណៈចុះស្វែងយល់ និងត្រួតពិនិត្យមើលគម្រោងស្តារ និងរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងបាង់ដំបង ទាំងប៉ែកខាងកើតស្ទឺងសង្កែ និងប៉ែកខាងលិចស្ទឹងសង្កែ និងចុះស្វែងយល់បន្ថែមនៅមុនការចាប់ផ្តើមអនុវត្តគម្រោងនេះ លើកំណាត់ផ្លូវលេខ៣ក្នុងក្រុងបាត់ដំបង ដែលមានប្រវែងជិត ៤គ.ម នៅចុងឆ្នាំ២០២៣ ដែលត្រូវប្រើរយៈពេលប្រមាណ ១៨ខែ។ ការស្ថាបនា ដើម្បីធ្វើការកែលម្អនិងការកសាងផ្លូវទាំង០២ខ្សែ ខាងលើនេះដែលក្នុងនេះផ្លូវលេខ ៦១៤ត្រូវក្រាលកៅស៊ូ ប្រភេទ(DBST) ចាក់ចិញ្ចើមផ្លូវបេតុង និង ផ្លូវខាងត្បូងស្នងការដ្ឋាននគរបាលខេត្ត ជាប្រភេទផ្លូវចាក់បេតុង សរសៃដែក។
តាមការគូសបញ្ជាក់ ពីមន្ត្រីជំនាញដែលកំពុងអនុវត្តគម្រោងកែលម្អក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់ក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា គម្រោងប៉ែកខាងកើតស្ទឹងសង្កែ គ្រោងបញ្ចប់នៅខែតុលាឆ្នាំ២០២២ឆាប់ៗខាងមុខនេះ ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន