ឥណ្ឌូនេស៊ី៖ ករណីលិចសាឡាងរកឃើញសាកសព ៩នាក់ហើយ
ហ្សាកាតា៖ មន្ត្រីរុករក និងជួយសង្គ្រោះបាននិយាយ នាថ្ងៃទី២១ កក្កដា ២០២២នេះថា សាកសពមនុស្សយ៉ាងហោចណាស់ ចំនួនប្រាំបួននាក់ ត្រូវបានគេរកឃើញ បន្ទាប់ពីសាឡាងមួយបានលិចនៅឆ្នេរសមុទ្រនៃកោះឥណ្ឌូនេស៊ី ដោយសារតែអាកាសធាតុអាក្រក់ ។
សាឡាង KM Cahaya Arafah បានក្រឡាប់នៅក្នុងដែនទឹក នៃកោះ Ternate របស់ប្រទេសឥណ្ឌូនេស៊ី កាលពីដើមសប្តាហ៍ ហើយពេលនោះ អាជ្ញាធរបានធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមនុស្ស ១៣ នាក់ ដែលបាត់ខ្លួន។
ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Ternate បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៤ នៅល្ងាចថ្ងៃពុធ និងសាកសពចំនួន ៥ នាក់ រកឃើនៅថ្ងៃទី ៤ នៃការស្វែងរក។
យ៉ាងណាក៏ដោយ នៅមានមនុស្ស ៤នាក់ទៀតបាត់ខ្លួន ពុំទាន់រកឃើញ ដោយគេដឹងថា មុនពេលលិច សាឡាងមួយគ្រឿងនោះបានផ្ទុកអ្នកដំណើរ៧៧នាក់ ក្នុងដំណើរទៅកោះ Halmahera ក្បែរ កោះ Ternate នោះ៕ ប្រែសម្រួលដោយ៖ សារ៉ាត