ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា នាំយកភេសជ្ជៈប៉ូវកម្លាំងល្បីលំដាប់អន្តរជាតិ PREDATOR ENERGY មកកាន់ទីផ្សារកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានដាក់លក់ជាផ្លូវការនូវភេសជ្ជៈប៉ូវកម្លាំងល្បីលំដាប់អន្តរជាតិ PREDATOR ENERGY នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចសហការប្រតិបត្តិការរវាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងក្រុមហ៊ុន Monster Beverage Corporation បានសម្រេចនាំយកជូននូវភេសជ្ជៈប៉ូវកម្លាំង PREDATOR ENERGY ដើម្បី«ផ្តល់ភាពរីករាយដល់អ្នកដើម្បីភាពរីកចម្រើនទៅមុខ»។
PREDATOR ENERGY ជាម៉ាកយីហោភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកដំបូងគេ ដែលមានវត្តមាននៅប្រទេសកម្ពុជា។ ផលិតផលនេះត្រូវបានផលិត និងមានវត្តមានជាលើកដំបូងកាលពីឆ្នាំ២០១៩ ដោយទទួលបានការគាំទ្រ និងពេញនិយមនៅទូទាំងពិភពលោក ដែលបច្ចុប្បន្នមាននៅជាង ៧០ប្រទេស។
PREDATOR មានរសជាតិ Gold Strike ផ្តល់ថាមពលសាកសមបំផុតសម្រាប់ប្រជាជនកម្ពុជា និងអាចទទួលទានបានគ្រប់ពេលវេលា។
ទោះបីជាទីផ្សារនៃភេសជ្ជៈប៉ូវកម្លាំងនៅកម្ពុជាមានគូប្រកួតប្រជែងច្រើនយ៉ាងណាក៏ដោយ ក៏លក្ខណៈសម្បត្តិពិសេសរបស់ភេសជ្ជៈប៉ូវកម្លាំង PREDATOR ENERGY នឹងអាចដណ្តើមយកចំណែកទីផ្សារ និងទទួលបានការគ្រាំទ្រពីអ្នកញ៉ាំ ដោយសារគុណភាព និងលក្ខណៈពិសេសប្លែករបស់វា បូករួមជាមួយនឹងយុទ្ធសាស្ត្រពាណិជ្ជកម្ម និងទីផ្សាររបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)។
លោក David Wigglesworth អគ្គនាយកក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានលើកឡើងថា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានផលិតភេសជ្ជៈគ្មានជាតិអាកុលជាច្រើនប្រភេទ ដែលទទួលបានការពេញនិយមពីសំណាក់ប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ និងបន្តរីកចម្រើនរហូតក្លាយជាក្រុមហ៊ុនឈានមុខមួយនៅកម្ពុជា។
ឈរជើងលើទីផ្សារអស់កាលកន្លង មកនេះ យើងអាចដឹងច្បាស់អំពីតម្រូវការរបស់អតិថិជន និងស្វែងយល់ពីរសជាតិដែលអតិថិជននិយមចូលចិត្ត រួមទាំងតម្រូវការភេសជ្ជៈដែលសាកសមបំផុត ដែលអាចទទួលទានបានគ្រប់ពេលវេលា។
លោកបន្តថា PREDATOR ENERGY ជាម៉ាកផលិតផលផ្សារភ្ជាប់ជាមួយនឹងកីឡាបាល់ទាត់ពិភពលោក ក្នុងនាមជាដៃគូរបស់ក្លឹបបាល់ទាត់ Liverpool ដែលជាក្លឹបឈានមុខមួយនៅក្នុងក្របខណ្ឌបាល់ទាត់ English Premier League។
លោកបន្ថែមថា PREDATOR ENERGY ត្រូវបានគេរំពឹងថា នឹងក្លាយជាភេសជ្ជៈកំពូលមួយក្នុងទីផ្សារភេសជ្ជៈប៉ូវកម្លាំង ដោយសារការប្រើប្រាស់គ្រឿងផ្សំពិសេសៗ ផលិតឡើងប្រកបដោយគុណភាពក្នុងសង្វាក់ផលិតកម្មដើរដោយបច្ចេកវិទ្យាទំនើបចុងក្រោយ។
លោក Xavier Codron នាយកផ្នែកលក់ប្រចាំភូមិភាគរបស់ក្រុមហ៊ុនភេសជ្ជៈ Monster Beverage Corporation មានប្រសាសន៍ថា៖ «យើងមានក្តីរំភើបរីករាយ និងមានកិត្តិយសជាខ្លាំងក្នុងការប្រកាសជាផ្លូវការនូវភេសជ្ជៈប៉ូវកម្លាំងថ្មីលំដាប់ពិភពលោក PREDATOR ENERGY ផ្តល់ជូនដល់អតិថិជន និងអ្នកញ៉ាំនៅកម្ពុជា ក្នុងតម្លៃសមរម្យ។
PREDATOR ENERGY នឹងជួយបង្កើនកម្លាំង បង្កើនការផ្តោតអារម្មណ៍បានល្អ និងផ្តល់ថាមពលបានយូរពេញមួយថ្ងៃ។ PREDATOR ENERGY ផ្តល់ភាពរីករាយដល់អ្នកដើម្បីភាពរីកចម្រើនទៅមុខ»៕ ដោយ៖ ទីណា