រដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសទី២ ព្រុយណេ ជួបពិភាក្សាគ្នាអំពីបញ្ហានានាពាក់ព័ន្ធកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍(Dato Erywan Pehin Yusof) រដ្ឋមន្ត្រីការបរទេសទី២នៃព្រុយណេដារ៉ូស្សាឡាម នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ក៏ដូចជាពិភាក្សាអំពីការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគី ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងព្រុយណេដារ៉ូស្សាឡាម។
ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ បានរំឭកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសព្រុយណេដារ៉ូស្សាឡាមចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅក្នុងការដឹកនាំអាស៊ានឆ្លងកាត់បញ្ហាប្រឈមធំៗជាច្រើនរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ ឯកឧត្ដមបានចែករំលែកទស្សនៈរបស់ឯកឧត្ដមអំពីមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូសន្ទនារវាងអាស៊ាន និងចក្រភពអង់គ្លេស និងនូវែលសេឡង់ ដែលព្រុយណេដារ៉ូស្សាឡាមកំពុងដើរតួនាទីជាប្រទេសសម្របសម្រួលរបស់អាស៊ាន។ឯកឧត្តមក៏បានសម្ដែងនូវលើកទឹកចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានចែករំលែកទស្សនៈ និងគំនិតរបស់ឯកឧត្ដមអំពីរបៀបដែលអាស៊ានអាចជំរុញបន្ថែមទៀតនូវការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់មេដឹកនាំអាស៊ាន។
ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ ចំពោះការគាំទ្ររបស់ព្រុយណេដល់កម្ពុជា និងបានចែករំលែកទស្សនៈរបស់ឯកឧត្តមលើបញ្ហាពហុភាគីផ្សេងៗ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួមគ្នា។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងក្រៅតំបន់។
ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាផងដែរអំពីទំនាក់ទំនងទ្វេភាគី និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដែល ត្រូវបានពង្រឹងជាបន្តបន្ទាប់នៅលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ