ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ ចិញ្ចឹមចៅបួននាក់ បានទទួលអំណោយពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
ភ្នំពេញ ៖ ស្ត្រីម៉េម៉ាយចំណាស់ឈ្មោះ ព្រៀវ វណ្ណារុំ អាយុ ៦០ឆ្នាំ រស់នៅ ផ្ទះជួលក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូ ម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ត្រូវបានកូនៗ ទម្លាក់បន្ទុក ឱ្យចិញ្ចឹមចៅបួននាក់ ដែលជាហេតុធ្វើឱ្យជីវភាពរស់នៅ របស់គាត់ជួបការលំបាក។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីបញ្ហាខ្វះខាត របស់ស្រ្តី ព្រៀវ វណ្ណារុំ នោះនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ រងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ ក្រុមការងារដឹកនាំ ដោយលោកវរសេនីយ៍ឯក សៀ ទីន នាយ សេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខ ទុក្ខ និងបាននាំយកអំណោយទៅប្រគល់ជូនដល់ស្ត្រីមេម៉ាយរូបនេះដល់ផ្ទះ។
សូមបញ្ជាក់ថាអំណោយដែលបានយកទៅប្រគល់ជូនដល់ស្ត្រីមេម៉ាយវ័យចំណាស់រូបនេះដើម្បីរួមចែករំលែកការលំបាក រួមមាន៖ ថវិកាចំនួន ប្រាំសែនរៀល , អង្ករ , មី , ត្រីខ, ទឹកស៊ីអុីវ, ទឹកត្រី , ទឹកសុទ្ធ , ទឹកដោះគោ , ភេសជ្ជៈ , សាច់ជ្រូកផាត់, ត្រីងៀត, សាច់ក្រក , សៀង, មុង, ភួយ, កន្សែង និងសម្ភា:រក្មេងលេង មួយចំនួន បន្ថែមទៀត៕
ដោយ ៖ ឆៃហួត និងប៊ុនធី