តំណាងរដ្ឋមន្រ្តីក្រសួងអប់រំ ជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅប្រទេសជប៉ុន
ភ្នំពេញ ៖ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាលបេក្ខជន បេក្ខនារី ជ័យលាភីអាហារូបករណ៍ចំនួន ២៤នាក់ ដែលជាមន្ត្រីរាជការ បម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដែលប្រឡងជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅប្រទេសជប៉ុន ។
កម្មវិធីសិក្សានេះ នឹងប្រព្រឹត្តទៅរយៈពេល ០២ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នៅសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន រួមមានជំនាញអភិវឌ្ឍន៍រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច បច្ចេកវិទ្យា នីតិសាស្រ្ត ទំនាក់ទំនងអន្តរជាតិ គុណភាពនៃការអប់រំ វិស័យសុខាភិបាល វិស័យទឹកស្អាត វិស័យជនបទ កសិកម្ម និងជំនាញអភិបាលកិច្ច ក្រោមក្របខ័ណ្ឌជំនួយឥតសំណងក្នុងគម្រោងសម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស ដែលនឹងត្រូវចេញដំណើរនាខែសីហា ឆ្នាំ២០២២ខាងមុខ ៕ ដោយ-រ៉ាវុធ