កិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ លើកកម្ពស់សមត្ថភាព ដើម្បីបំពេញភារកិច្ចការពារបូរណភាពទឹកដី
ខេត្តកំពង់ធំ ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្ដមសេនីយ៍ទោ សោម ស៊ុន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ កាតព្វកិច្ចរបស់យោធិន ដើម្បីលើកកម្ពស់សមត្ថភាព បំពេញភារកិច្ចការពារបូរណភាពទឹកដី និងការងារអប់រំចិត្តសាស្រ្តជូនដល់យោធិន រួមទាំងវិធានការការពារទប់ស្កាត់ការឆ្លងជំងឺអុតស្វា ដែលទើបឆ្លងថ្មីនេះ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានជម្រុញសកម្មភាពការអនុវត្តន៍ការងារអប់រំរៀនសូត្រចិត្តសាស្ត្រ ឲ្យដល់គ្រប់ កងឯកភាពចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យទទួលលទ្ធផលល្អសំដៅលើកម្ពស់គុណភាព នយោបាយ មនសិការ ស្មារតី ឆន្ទៈ អត្តចរិត សីលធម៌ សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ពង្រីកបានសមត្ថភាព ជំនាញលើគ្រប់វិស័យឲ្យដល់នាយទាហាន នាយទាហានរង និងពលទាហានសម្រេចបាននូវភារកិច្ច របស់កងទ័ព ក្នុងការការពាររឹងមាំអធិបតេយ្យភាព បូរណភាពទឹកដី និងសហការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សង្គមនៅក្នុងព្រះ រាជាណាចក្រកម្ពុជា។
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវជម្រុញឲ្យយោធិនគ្រប់រូប ស្វែងយល់ អំពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន ដែលធ្លាប់ល្បីល្បាញរុងរឿងថ្កុំថ្កើង ហើយបន្តរក្សា បាននូវអត្តសញ្ញាណជាតិរហូតដល់បច្ចុប្បន្ន ធ្វើឲ្យពួកគេយល់ឃើញច្បាស់លាស់នូវរាល់ ឧបាយកលល្បិចរបស់ពួកអមិត្ត ដែលតែងតែមានចេតនាអាក្រក់ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដែលប្រសូត្រពីការបោះឆ្នោតស្របច្បាប់។
ឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកឡើងពីសេចក្ដីណែនាំរបស់ក្រសួង សុខាភិបាលស្ដីពីការបង្ការការចម្ងឺជំងឺអុតស្វា ដែលជាជំងឺទើបនឹងកើតឡើងថ្មី និងបានបញ្ជាក់ពីរោគសញ្ញាដែលសង្ស័យ ថាខ្លួនកើតមានជំងឺអុតស្វា និងវិធានការដើម្បីការពារខ្លួនពីការឆ្លងជំងឺអុតស្វា និងលើកឡើងពីគុណតម្លៃដ៏ធំធេង នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គឺជាគំរូវិរៈភាពអង់អាចក្លាហាន ដែលបានគិតគូរពីសុខទុក្ខផលប្រយោជន៍ និងអាយុជីវិតប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាប្រភេទសង្គ្រាមលើសមរភូមិ ដែលពុំធ្លាប់មាននៅលើពិភពលោក ហើយយើងក៏ត្រូវតែអរគុណសន្តិភាព អរគុណមគ្គុទេសក៍ឯក ដែលមានសម្តេច តេជោជាស្ថាបនិកដឹកនាំប្រកបដោយសមត្ថភាពឈ្លាសវៃ ដោយយកជីវិតទៅប្តូរដើម្បីសន្តិភាព និងភាពសុខសាន្ត របស់ប្រជាជនកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសង្កត់ធ្ងន់មិនឲ្យយោធិនណាម្នាក់សេព ឬជួញដូរគ្រឿងញៀនជាដាច់ខាត ប្រសិនបើមានករណីដូច្នោះនឹងត្រូវដាក់ពិន័យតាមច្បាប់កងយោធពលខេមរភូមិន្ទ ឬត្រូវសុំការសម្រេចបណ្តេញចេញពី ក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទផងដែរ ៕
ដោយ ប៊ុន រដ្ឋា