អភិបាលខេត្តកណ្ដាល បញ្ជាក់ថា អាគារសកលវិទ្យាល័យ សម្តេចព្រះសង្ឃរាជ បួរ គ្រី គឺជាប្រវត្តិសាស្រ្តសម្រាប់សមណនិស្សិត យុវជនខ្មែរនិងបរទេស មកទទូួលការអប់រំសិក្សាស្រាវជ្រាវស្វែងរកចំណេះដឹង
ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា អគារសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គឺជាប្រវត្តិសាស្ត្រសម្រាប់ សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេស មកទទួលការអប់រំ និងសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹងនៅទីនេះ។
ឯកឧត្តមអភិបាលខេត្ត បន្តថា អគារសកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ គឺជាសមិទ្ធិផលថ្មីមួយទៀត ដែលកើតចេញពីការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាមួយនឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរក្រោមម្លប់នៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណធម្មយុត្តិកនិកាយ ខេត្តកណ្តាល បានមានសង្ឃដីកាថា អគារសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សាងសង់លើផ្ទៃដីទំហំ ១៣.៥៨០ម៉ែត្រការ៉េ (មួយម៉ឺនបីពាន់ប្រាំរយប៉ែសិបម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ មានរាងជាអក្ស អ៊ុយ(U) មានបន្ទប់សិក្សាចំនួន ៧២ បន្ទប់ បន្ទប់រដ្ឋបាល ១៧ បន្ទប់សាលប្រជុំ ០២ បន្ទប់ ផ្ទុកមនុស្សបានចំនួន ១០២០ នាក់ មានអាហារដ្ឋានចំនួន ០១ កន្លែង ចំណតយានយន្ត ០១ កន្លែង ចំណាយថវិកាចំនួន ៤.០៥៣.០០០ ដុល្លារ (បួនលាន ប្រាំម៉ឺនបីពាន់ដុល្លារសហរដ្ឋអាមេរិក) ដោយមិនទាន់គិតបញ្ចូល សម្ភារៈបរិក្ខារបំពាក់ក្នុងអគារនៅឡើយ។
សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា មានសង្ឃដីកា បន្តថា សាកលវិទ្យាល័យនេះ មានបង្រៀនជាង ២០ ជំនាញ ហើយសិស្ស និស្សិតទាំងអស់អាចមកសិក្សារៀនសូត្រនៅសាកលវិទ្យាល័យនេះបានដោយសិស្ស និស្សិតទាំងអស់ បង់ថ្លៃទឹក និងភ្លើង ក្នុងមួយឆ្នាំ១២០ដុល្លារ ។
ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងប្រគេនទៀនចំណាំព្រះវស្សា ព្រះសង្ឃគង់នៅវត្តព្រះឥន្ធសាមគ្គីធម៌ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្ដាល បាននាំយកនូវទៀនចំណាំព្រះវស្សា គ្រឿងឧបភោបរិភោគ និងបច្ច័យមួយចំនួន ប្រគេនជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន ៣៨៣វត្តទូទាំងខេត្តកណ្ដាល ៕ ដោយ-រ៉ាវុធ