រុស្ស៊ីចោទប្រកាន់ជនជាតិអ៊ុយក្រែនជិត ១០០នាក់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ម៉ូស្គូ៖ ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីលោក អាឡិចហ្សាន់ដឺ បាស់ទ្រីគីន បាននិយាយថា ទីក្រុងម៉ូស្គូបានចោទប្រកាន់សមាជិកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន ៩២នាក់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោក បាស់ទ្រីគីន បានប្រាប់គេហទំព័រសារព័ត៌មានក្នុងស្រុកថា ការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មចំនួន ១,៣០០ករណីត្រូវបានចាប់ផ្តើមធ្វើឡើង ហើយលោកក៏បានស្នើឲ្យបង្កើតសាលាក្តីអន្តរជាតិមួយ ដែលមានការគាំទ្រពីប្រទេសនានាដូចជាបូលីវី អ៊ីរ៉ង់ និងស៊ីរីផងដែរ។
លោកបន្តថា មនុស្សចំនួន ៩៦នាក់ផ្សេងទៀត រួមទាំងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន៥១នាក់ ក៏កំពុងស្ថិតនៅក្រោមការតាមចាប់ខ្លួនផងដែរ ដោយចោទថា ពួកគេមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងសន្តិភាព និងសន្តិសុខមនុស្សជាតិ។
ដោយឡែកអ៊ុយក្រែនក៏កំពុងធ្វើការស៉ើបអង្កេតដោយខ្លួនឯងដែរ ពីបទឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តឡើងដោយទាហានរុស្ស៉ី ដោយនៅក្នុងខែកក្កដានេះ ទីក្រុងកៀវបានប្រកាសថា មានបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មនៃការឈ្លានពានជាង ២១,០០០ករណី ត្រូវបានចោទប្រកាន់លើទាហានរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានពណ៌នាថា អ៊ុយក្រែន ជាកន្លែងឧក្រិដ្ឋកម្ម បានបញ្ជូនក្រុមស៊ើបអង្កេត និងអ្នកជំនាញកោសល្យវិច្ច័យទៅទីនោះផងដែរ។ យ៉ាងណាមិញ វិមានក្រឹមឡាំងបានបដិសេធនូវរាល់ការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម ឬថា ខ្លួនបាននិងកំពុងកំណត់គោលដៅលើជនស៊ីវិល៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា