បំពេញរាជ្យព្រៃ នៅលើខ្នងភ្នំគូលែន តូចតែខ្លឹម និងជ្រក់មានរស់ជាតិឆ្ងាញ់ពិសារ
ខេត្តសៀមរាប៖ បំពេញរាជ្យព្រៃគឺជាផ្លែឈើមួយប្រភេទដែលគេឃើញមានដុះច្រើននៅលើខ្នងភ្នំគូលែន ហើយដែលផ្លែឈើប្រភេទនេះត្រូវបានក្រុមប្រជាពលរដ្ឋរស់នៅតំបន់នេះតែងប្រើប្រាស់បរិភោគមិនចាញ់ផ្លែបំពេញរាជ្យធម្មតាទូទៅនោះទេ។
បើនិយាយពីបំពេញរាជ្យព្រៃនេះ គឺមានមនុស្សតិចតួចបានស្គាល់ ហើយបានភ្លក្សរស់ជាតិរបស់វា។តាមពិតសភាពផ្លែរបស់វាមិនខុសពីបំពេញរាជ្យស្រុកយើងទេ គ្រាន់តែវាតូចជាងប៉ុណ្ណោះ។ផ្លែបំពេញរាជ្យព្រៃដែលដុះលើខ្នងភ្នំគូលែនគេឃើញមានដើមខ្ពស់ៗចាប់ពីជិត ១០ម៉ែត្ររហូតដល់ជាង ២០ម៉ែត្រ និងខ្លះទៀតជិត ៣០ម៉ែត្រផងដែរ។
បើតាមប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែនបានឱ្យដឹងថា បំពេញរាជ្យព្រៃគឺមានដើមកំណើតនៅលើខ្នងភ្នំនេះតាំងតែពីបុរាណកាលមក ពីព្រោះថាពួកគាត់កើតមកគឺឃើញដើមឈើប្រភេទនេះដុះលើខ្នងភ្នំរហូតមក។
លោក ស៊ូស៊ី មន្រ្តីឧទ្យានុរក្សប្រចាំនៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន បានឱ្យដឹងថា ផ្លែបំពេញរាជ្យនេះគេឃើញវាហុចផ្លែស្ទើរគ្រប់រដូវកាល ពិសេសចាប់ពីខែមេសាដល់ខែកញ្ញាគេអាចបេះផ្លែវាបរិភោគបានហើយ ។ ផ្លែឈើប្រភេទនេះបើទោះបីអ្នកស្រុកពុំសូវចាប់អារម្មណ៍បរិភោគដូចផ្លែឈើដទៃទៀត តែវាជាផ្លែឈើមានវត្តមានលើខ្នងភ្នំនេះយូរលង់មកហើយ។ បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែននៅតែរក្សាទុកដើមឈើប្រភេទនេះរៀងរហូតមកមិនដែលប៉ះពាល់ដល់វាឡើយ។
មន្រ្តីឧទ្យានុរក្ស រូបនេះបានបញ្ជាក់បន្ថែមថា ផ្លែបំពេញរាជ្យព្រៃនេះ ក្រៅពីគេបេះហូបឆៅហើយ គេអាចប្រើផ្លែវាជ្រក់មានរស់ជាតិឆ្ងាញ់ពិសារណាស់ ។ បច្ចុប្បន្នមានប្រជាសហគមន៍មួយចំនួនបានបេះយកមកជ្រក់លក់ឱ្យភ្ញៀវទេសចរគ្រាន់បានដោះស្រាយជីវភាពផងដែរ។
ដោយឡែក លោក ផាន់ ផុន ប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែនបានឱ្យដឹងថា ដើមបំពេញរាជ្យព្រៃនេះក៏ដូចជាដើមឈើពីធម្មជាតិដទៃទៀតនៅលើខ្នងភ្នំគូលែនដែរ គឺមានដើមកំណើតយូរយាមកហើយ។បច្ចុប្បន្នដើមឈើប្រភេទនេះនៅតែត្រូវបានប្រជាសហគមន៍ថែរក្សទុកមិនមាននរណាហ៊ានកាប់បំផ្លាញឡើយ។
ប្រធានសហគមន៍រូបនេះបានបន្ថែមថា នៅលើខ្នងភ្នំគូលែនសម្បូរទៅដោយដើមឈើធម្មជាតិ ហើយត្រូវបានប្រជាពលរដ្ឋរក្សាទុករហូតមកដល់បច្ចុប្បន្នក្នុងនេះដូចជាដើម គូលែន ដើមភ្ញៀវ ដើមបំពេញរាជ្យ ដើមសេមាន់ជាដើម។
គួរបញ្ជាក់ថា កាលសម័យដើមឡើយពលរដ្ឋខ្មែរបានឱ្យឈ្មោះ «ផ្លែបំពេញរាជ្យ» ម្យ៉ាងទៀតថា «ផ្លែលោះ» ដែលមានប្រភេទស្លឹកធំៗស្រដៀងនឹងស្លឹកពង្រ ផ្លែមូលសំបកក្រាស់ សាច់ជ្រាកមានសរសៃស្វិតជាប់នឹងគ្រាប់, ខ្លះមានរសជូរ ខ្លះជូរអែម, សំបកផ្លៃប្រើជាបន្លែស្លម្ជូរ។ រហូតមកដល់សម័យ ព្រះបាទសម្តេច ព្រះឧទ័យរាជ (ក្សត្រិយ៍កម្ពុជរដ្ឋ) ទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ប្រោសព្រះរាជទាន ឈ្មោះឲ្យហៅថា «បំពេញរាជ្យ» វិញ ទើបជាប់ឈ្មោះ រហូតមកដល់បច្ចុប្បន្ន៕ ដោយ៖ ម៉ាដេប៉ូ