សមត្ថកិច្ចចាប់ខ្លួនបុរសជនជាតិចិនម្នាក់ជាមួយគ្រឿងញៀន ជាង៤៥ គីឡូក្រាមបញ្ជូនទៅតុលាការ
ភ្នំពេញ៖ កម្លាំងជំនាញសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៥ខែកក្កដា បានបញ្ជូនបុរសជន សង្ស័យ ជាជនជាតិចិនម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ជាង ៤៥គីឡូក្រាម ដើម្បីចាត់ការទៅតាមនីតិវិធី។
គួរបញ្ជាក់ថា សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២១ ខែកក្កដាចុះបង្ក្រាបករណីរក្សាទុក និង ជួញដូរគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យម្នាក់ និង រឹបអូសគ្រឿងញៀនប្រមាណជាង ៤៥គីឡូក្រាម។
ការចាប់ខ្លួនកាលពីវេលាម៉ោងជាង១រសៀលដោយកម្លាំង ជំនាញ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ សកម្មភាពដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា. លោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្វីរ.លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) មាន ការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក អ៊ុ សុភ័ក្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត និង ស្រាវជ្រាវ ឈានដល់បង្ក្រាប៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖ ដែលគោលដៅទី១. នៅចំណុចបន្ទប់លេខ C3-1521 ជាន់ទី១៥ ខុនដូអូឡាំព្យា តាមបណ្តោយផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ ៧មករា ។ គោលដៅទី២.នៅបន្ទប់លេខ C4-1103 ជាន់ទី១១ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា។ គោលដៅទី៣.បន្ទប់លេខ C4-1219 ជាន់ទី១២ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា។ គោលដៅទី៤: នៅចំណុច បន្ទប់លេខ៨៧០៨ ជាន់ទី៦ សណ្ឋាគារចយ ផ្លូវលេខ១៨២ សង្កាត់អូរប្ញស្សី ៧មករា។
ក្នុងករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានឃាត់ ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហូ ហ្វាងវិន (HU FENGWEN) ភេទប្រុស អាយុ ៣៣ឆ្នាំ ជាជនជាតិចិន។ រួមទាំងវត្ថុតាង ចាប់យកបានរួមមាន ៖ សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA)ទម្ងន់ ៧គីឡូ ១៥០.១៦ក្រាម។ សារធាតុញៀន ជាប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១៤គីឡូ ០២៤ក្រាម។ សារធាតុញៀន ជាប្រភេទ កេតាមីន (KETAMIN)ទម្ងន់ ២៤គីឡូ ៣៨០ក្រាម ។ សារធាតុញៀន ជាប្រភេទ នីមេតាហ្សេប៉ា (NIMETAZEPAM) ទម្ងន់ ១៤៤ក្រាម។ សរុបសារធាតុញៀនទាំងអស់ មានទម្ងន់ ៤៥គីឡូ ៦៩៨.១៦ក្រាម។ កញ្ឆា ៤០៨ក្រាម។ សារធាតុគីមី ២៥គីឡូ ១៥៣.៣៨ក្រាម៕ ដោយ ៖ ឆៃហួត និងប៊ុនធី