ឯកឧត្តម ស សុខា៖ កីឡាករកីឡាការិនីតំណាងជាតិទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិមានកាតព្វកិច្ចតែមួយគត់ គឺឈ្នះមេដាយជូនជាតិ
អត្តពលិកកីឡាបាល់ទះអង្គុយជនពិការកម្ពុជា បុរស នារី ដឹកនាំដោយ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែ កក្តដា ឆ្នាំ២០២២នេះ បានចូលជួបសំដែងការគួរសម និងស្តាប់អនុសាសន៍ណែនាំពីសំណាក់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា មុននឹងចេញទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្តូនេស៊ី នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម ស សុខា អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា កីឡាករកីឡាការិនីបាល់ទះអង្គុយទាំងអស់ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ មិនមែនចូលរួមសម្រាប់បង្គ្រប់ពូលឬដើរលេងនោះទេ ត្រូវមានឆន្ទៈខ្ពស់គិតថា ការចូលរួមរបស់យើងជាកីឡាករកីឡាការិនីតំណាងជាតិ។
ដូច្នោះ កាតព្វកិច្ចរបស់យើងទាំអស់គ្នាមានតែមួយគត់ គឺការឈ្នះមេដាយជូនជាតិមាតុភូមិ ពិសេស គឺ ស្វែងយល់ពីដៃគូប្រជែងរបស់យើងដែលមកពីបណ្តាលប្រទេសអាស៊ានផ្សេងៗថា ក្រុមរបស់គេស្ថិតនៅក្នុងកម្រិតណា ហើយក្រុមនៅក្នុងកម្រិតមួយណា ព្រោះនេះជាម៉ែត្រវាស់ ដើម្បីយើងត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កីឡាករកីឡាការិនីត្រូវខិតខំទ្វេដង និងរួបរួមសាមគ្គីគ្នា ជាក្រុមគ្រួសារកីឡាតែមួយ ទើបយើងអាចសម្រេចបានលទ្ធផលល្អមកជូនជាតិមាតុភូមិ។ជាមួយគ្នានោះ ឯកឧត្តម អនុប្រធាន ក៏ជំរុញឲ្យកីឡាករកីឡាការិនីបាល់ទះអង្គុយទាំងអស់យកចិត្តទុកដាក់ចំពោះសុខមាលភាព ពេលធ្វើដំណើរ និងពេលចូលរួមប្រកួត ព្រោះនៅប្រទេសឥណ្តូនេស៊ី ស្ថានភាពជំងឺកូវីត១៩ មានការរីករាលដាលខ្លាំងជាងកម្ពុជា ប្រសិនបើមានករណីឆ្លងអាចប៉ះពាល់ដល់ការប្រកួត។
ដូច្នោះត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីសុវត្ថិភាព ក្នុងក្រុមអត្តពលិករបស់កីឡាជនពិការទាំងមូល។ បន្ថែមលើនោះ ឯកឧត្តម ស សុខា ផ្តាំផ្ញើរ ដល់កីឡាករកីឡាការិនីសូមកុំប្រើប្រាស់ជាដាច់ខាត់នូវសារធាតុប៉ូវកម្លាំងដែលជាសារធាតុហាមឃាតក្នុងវិស័យកីឡា ព្រោះវាខុសច្បាស់ ប្រសិនបើរកឃើញនរណាម្នាក់ក្នុងចំណោមអត្តពលិកជនពិការយើងថាមានប្រើប្រាស់នោះ វាមិនត្រឹមតែខូចប្រយោជន៍សម្រាប់កីឡាករខ្លួនឯងនោះទេ វាថែមទាំងស្អុយឈ្មោះអត្តពលិកកម្ពុជាទាំងអស់ថែមទៀតផង។
សូមបញ្ជាក់ កីឡាករកីឡាការិនីបាល់ទះអង្គុយជនពិការបុរសនារី ចំនួន២៦នាក់ ដែលត្រូវចេញទៅចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្តូនេស៊ី ទទួលបានថវិកា ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុង១នាក់២០០ដុល្លារអាមេរិក រីឯ ឯកឧត្តម យី វាសនា នាយបេសកម្ម ទទួលបានថវិកាឧបត្ថម្ភពី ឯកឧត្តម ស សុខា ៥០០ដុល្លារអាមេរិកផងដែរ៕ អត្ថបទ៖ ជាវ ចន្ធូ