កីឡារាំ បើកវគ្គបណ្ដុះបណ្ដាលចៅកម្រិតមូលដ្ឋាន ដើម្បីត្រៀមចូលរួមការប្រកួតនានា
(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលចៅក្រមកីឡារាំកម្រិតមូលដ្ឋាន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដើម្បីត្រៀមចូលរួមការប្រកួតនានា ពិសេសត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។
លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានចាត់ទុកវគ្គនេះ គឺជាវគ្គមួយដ៏សំខាន់ ដើម្បីផលិតនូវធនធានមន្ដ្រីបច្ចេកទេស ស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកីឡារាំ ក៏ត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ អនុម័តដាក់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះដែរ ។
អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីដដែលបន្ដថា បន្ទាប់ពីបញ្ចប់វគ្គនេះ សិក្ខាកាមទាំងអស់ នឹងត្រូវអនុញ្ញាតឲ្យចូលរួមអនុវត្តការងារក្នុងការប្រកួតជើងឯកថ្នាក់ជាតិនាពេលឆាប់ៗខាងមុខ ។ លើសពីនេះ សហព័ន្ធក៏មានផែនការបើកវគ្គបណ្ដុះបណ្ដាលកម្រិតខ្ពស់ជាងនេះ ដើម្បីជំរុញឲ្យសិក្ខាកាមខាងលើ ឈានទៅទទួលការបណ្ដុះបណ្ដាល និងទទួលស្គាល់ជាចៅក្រមអន្ដរជាតិនាថ្ងៃអនាគតទៀតផង ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចំនួន ២៥នាក់ចូលរួម ក្នុងនោះក៏មានការអនុញ្ញាតឲ្យក្រុមជម្រើសជាតិចូលរួមសិក្សារៀនសូត្រ និងស្វែងយល់ពីតួនាទី ក៏ដូចជាលក្ខខណ្ឌបច្ចេកទេសរបស់ចៅក្រោមផងដែរ ។ វគ្គនេះ មានគ្រូឧទ្ទេស ៣រូប គឺលោក ស៊ូវ តុង, អ្នកស្រី You Shu Jie និងចៅក្រមអន្ដរជាតិ លោក Royce Yeh ដែលធ្វើការបង្រៀនតាមប្រព័ន្ធ Online ៕ ចាន់ វិចិត្រ