ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា គាំទ្រប្រសាសន៍របស់អគ្គនាយកកីឡា ដើម្បីសម្រេចជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៣
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានផ្តល់អនុសាសន៍ចូល រួម៣ចំណុចធំៗដល់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ កាលពីចុងសប្តាហ៍ ក្នុងគោលដៅជំរុញពន្លឿនទាំងបរិមាណគុណភាព និងបច្ចេកទេស ដើម្បីសហព័ន្ធឈានទៅសម្រេចនូវលទ្ធផលផ្លែផ្កាសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អនុសាសន៍ធំៗទាំង៣ចំណុចនេះ ទី១.គួរពន្លឿនការរៀបចំបទបញ្ជានៃការប្រកួតឲ្យស្របតាមបទបញ្ជាសហព័ន្ធកីឡាអន្តរជាតិ និងយុទ្ធសាស្រ្តរបស់សហព័ន្ធក្នុងការប្រជែងដណ្តើមយកមេដាយ ទី២.ត្រូវពិនិត្យរៀបចំទីលានដែលជាទីតាំងរៀបចំការប្រកួត តើមានសម្ភារស្តង់ដាសម្រាប់ការប្រកួតហើយឬនៅ ដើម្បីធ្វើម៉ិចឲ្យការត្រៀមរបស់យើងបានល្អប្រសើរ ទី៣.ត្រូវពិនិត្យមន្រ្តីផ្នែកបច្ចេកទេសទាំងបរិមាណនិងគុណភាព ដើម្បីត្រៀមលក្ខណៈឲ្យល្អប្រសើរសម្រាប់២០២៣ ប្រសិនបើករណីយើងខ្វះយើងបំពេញបន្ថែមតាមរយៈការបណ្តុះបណ្តាលបន្ថែម ធ្វើម៉ិចឲ្យមន្រ្តីបច្ចេកទេសសម្រាប់សម្រាប់ឆ្នាំ២០២៣។
អនុសាសន៍ ដែលដាក់ចេញ ដោយ ឯកឧត្តម អគ្គនាយកកីឡាទាំង៣ចំណុចនេះ ត្រូវបាន នាយឧត្តម សេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានចាត់ជាអនុសាសន៍ដ៏ល្អ ហើយសហព័ន្ធនិងទទួលយកនឹងត្រូវតែខិតខំយកទៅអនុវត្តតាម ដើម្បីសម្រេចឲ្យបានជោគជ័យការឈ្នះមេដាយតាមផែនការជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ប្រធាន សហព័ន្ធ បានជំរុញក្រើនរំលឹកដល់គ្រូបង្វឹក ថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យកីឡាករកីឡាការិនីទទួលបានលទ្ធផលល្អ ពីការប្រកួតលក្ខណៈជាតិ និងអន្តរជាតិ ពិសេស ជំរុញនិងអភិវឌ្ឍអោយកាន់តែមានសក្តានុពល ដើម្បីជ័យជំនះ នៅស៊ីហ្គេម ឆ្នាំ២០២៣
។ សម្រាប់លទ្ធផលបច្ចេកទេសក្លិបក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ៕ អត្ថបទ៖ ជាវ ចន្ធូ