មនុស្សស្លាប់ ៣នាក់ក្នុងហេតុការណ៍បាញ់ប្រហារក្នុងពិធីទទួលសញ្ញាប័ត្រ នៅហ្វីលីពីន
ម៉ានីល៖ក្រុមមន្ត្រីបាននិយាយថា មនុស្សបីនាក់ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារដ៏កម្រមួយ នៅឯសាកលវិទ្យាល័យ ក្នុងរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៤ កក្កដា ដែលនៅក្នុងអ្វីដែលហាក់ដូចជា ការធ្វើឃាតដោយចេតនា ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅសាកលវិទ្យាល័យ Ateneo de Manila គឺក្នុងពេលដែលនិស្សិតច្បាប់ និងក្រុមគ្រួសាររបស់ពួកគេចូលរួមពិធីប្រគល់សញ្ញាបត្រ ដោយពេលនោះ ក៏មានការចូលរួមពីសំណាក់ប្រធានតុលាការកំពូល ។
អាជ្ញាធរបាននិយាយថា លោកស្រី Rose Furigay ជាអតីតអភិបាលក្រុង នៅក្នុងខេត្ត Basilan ភាគខាងត្បូង ដែលមានកូនស្រី ដែលស្ថិតក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សា គឺត្រូវបានសម្លាប់។ ជំនួយការប្រតិបត្តិរបស់លោកស្រី Furigay និងឆ្មាំសន្តិសុខសាកលវិទ្យាល័យ ក៏ត្រូវបានសម្លាប់ផងដែរ ។
នគរបាលបាននិយាយថា កូនស្រីរបស់លោកស្រីគ្រាន់តែរងរបួស ហើយកំពុងស្ថិតក្នុងស្ថានភាព «មានស្ថិរភាព» នៅក្នុងមន្ទីរពេទ្យ។
លោក Joy Belmonte ប្រធានអង្គភាពរដ្ឋាភិបាលក្នុងតំបន់ដែលមានការបាញ់ប្រហារនោះ បានបានប្រាប់ AFP ថា៖ «យើងពិតជាមានការតានតឹង និងបានបាត់បង់ជីវិត»។
នគរបាលបាននិយាយថា ខ្មាន់កាំភ្លើងដែលជាប់ចោទបានរត់គេចពីកន្លែងកើតហេតុ ដោយបង្ខំអ្នកបើកបរចេញពីរថយន្តរបស់ពួកគេ មុនពេលដែលវាត្រូវបានទុកចោល ហើយបន្តរត់គេចខ្លួនតាមរថយន្តមួយទៀត តែនៅទីបំផុត ជននោះត្រូវបានឃុំខ្លួន នៅជិតព្រះវិហារមួយ ។ នគរបាលបានដកហូតកាំភ្លើងដៃ ពីរដើម និងឧបករណ៍បំបិទសំឡេងមួយដើមដែលប្រើដោយជនសង្ស័យ ដែលគេស្គាល់ថាឈ្មោះ Chao-Tiao Yumol ហើយបាននិយាយថា មានប្រវត្តិជម្លោះផ្លូវច្បាប់ជាយូរមកហើយជាមួយលោកស្រី Furigay។
ជនសង្ស័យ Yumol ត្រូវនៅក្រៅឃុំ ដោយចោទប្រកាន់ពីបទប្រមាថតាមអ៊ីនធឺណិត។ តែរូបគេចោទប្រកាន់លោកស្រី Furigay ថាជា “ម្ចាស់គ្រឿងញៀន” នេះបើតាមនគរបាល៕ ប្រភពពី NHK , ប្រែសម្រួលដោយ៖ សារ៉ាត