រដ្ឋមន្រ្តីក្រសួងអប់រំអញ្ជើញបើកកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ក្រោមមូលបទ “យុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០: កាលានុវត្តភាព និងការប្រឈមក្នុងការស្ដារឡើងវិញក្រោយជំងឺរាតត្បាតជាសកល”
សៀមរាប៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធពិធីបើកកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ក្រោមមូលបទ “យុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០: កាលានុវត្តភាព និងការប្រឈមក្នុងការស្ដារឡើងវិញក្រោយជំងឺរាតត្បាតជាសកល” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន។
កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ រៀបចំឡើងក្នុងគោលបំណងផ្ដល់ជាវេទិកាសម្រាប់យុវជនអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចពិភាក្សា និងផ្ដល់អនុសាសន៍លើគោលនយោបាយតំបន់ និងផ្លាស់ប្ដូរយោបល់ជាមួយរដ្ឋមន្ត្រីយុវជនអាស៊ាន-សាធារណរដ្ឋកូរ៉េ និងដៃគូសន្ទនាជាន់ខ្ពស់សំខាន់ៗជាច្រើនទៀត ដោយផ្ដោតលើវិធីសាស្ត្រដែលភាគីពាក់ព័ន្ធអាចសហការជាមួយយុវជន ក្នុងការស្វែងរកអត្ថប្រយោជន៍ និងកាលានុវត្តភាពកើតចេញពីបដិវត្តន៍ឧស្សាហកម្ម៤.០ និងដោះស្រាយបញ្ហាប្រឈមដែលកើតឡើងពីជំងឺរាតត្បាតជាសកល ៕ ដោយ-រ៉ាវុធ