ឯកឧត្តម គួច ចំរើន៖ ត្រូវធ្វើឱ្យបានម៉ត់ចត់ ក្នុងការផ្តល់សេវាជៀសវាងការបង្កើតយន្តការ ឬនីតិវិធីច្រើន នាំបង្ករជាភាពស្មុគស្មាញ
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលឃុំ/សង្កាត់។ ការផ្សព្វផ្សាយនេះធ្វើឡើង ក្រោមអធិបតី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងវត្តមាន មេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ទូរទាំងខេត្តព្រះសីហនុបានចូលរួម។
ឯកឧត្តម គួច ចំរើន បានលើកឡើងអំពីចំណុចសំខាន់ៗនៃការរៀបចំដាក់ចេញសេចក្តីណែនាំលេខ០១៨សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការ ច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលឃុំសង្កាត់ អាចអនុវត្តបានទាំងការផ្តល់សេវា រដ្ឋបាលនានារបស់រដ្ឋបាលឃុំ សង្កាត់ និងការផ្តល់សេវាផ្សេងៗទៀតនៅថ្នាក់ឃុំសង្កាត់ ដែលស្ថិតក្រោមសមត្ថកិច្ចពិនិត្យសម្រេចរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ។ តាមយន្តការដែលមានស្រាប់ត្រូវនាំគ្នាអនុវត្តឱ្យបានល្អត្រឹមត្រូវ និងជៀសវាងការបង្កើតយន្តការ ឬនីតិវិធីច្រើនដែលអាចបង្ករជាភាពស្មុគស្មាញ និងការលំបាកដល់អ្នកអនុវត្ត និងប្រជាពលរដ្ឋ។
ការដាក់ចេញនូវសេចក្តីណែនាំលេខ០១៨ នេះនឹងផ្តល់ភាពងាយស្រួលដល់ រដ្ឋបាលឃុំ សង្កាត់សម្រាប់ការផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់ប្រភេទ។ ទន្ទឹមនឹងនេះការរៀបចំយន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់នេះមានសង្គតិភាពជាមួយកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដែលរាជរដ្ឋាភិបាល នឹងផ្ទេរមុខងារថ្មីៗបន្ថែមទៀតមកឲ្យរដ្ឋបាលឃុំសង្កាត់ ក្នុងគោលបំណងបង្ខិតការផ្តល់សេវារដ្ឋបាលឲ្យបានកាន់តែខិតជិតប្រជាពលរដ្ឋ ៕ ដោយ៖ ខៀវ សាវ៉ុន