ប្រមុខការពារជាតិកូរ៉េខាងត្បូង និងអាមេរិកពិភាក្សាអំពីការរារាំងសម្ព័ន្ធមិត្ត ការត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង
យោងតាមការចេញផ្សាយរបស់បណ្តាញព័ត៌មានកូរ៉េខាងត្បូង Korea Herald ប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងនឹងពិភាក្សាយ៉ាងទូលំទូលាយរយៈពេលជិត១សប្តាហ៍ផ្តើមពីថ្ងៃអង្គារនេះ ដោយផ្តោតលើរបៀបពង្រឹងការរារាំង និងជំហរការពាររបស់សម្ព័ន្ធមិត្ត ដើម្បីដោះស្រាយការវិវត្តនៃការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីកូរ៉េខាងជើង។
ប្រមុខការពារជាតិនៃប្រទេសទាំងពីរបានជួបប្រជុំគ្នាជាលើកដំបូងនៅថ្ងៃទី១១ ខែមិថុនា នៅប្រទេសសិង្ហបុរីនៅក្រៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី Shangri-La Dialogue ហើយបានពិភាក្សាដំបូងអំពីសកម្មភាពតាមដាន។
តាមការផ្សព្វផ្សាយនោះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup គ្រោងនឹងធ្វើ ដំណើរលើកដំបូងទៅកាន់សហរដ្ឋអាមេរិក នៅចន្លោះថ្ងៃអង្គារ និងថ្ងៃសៅរ៍ នេះបើយោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃចន្ទ។
ក្រសួងការពារជាតិ បានលើកឡើងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lee នឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃសុក្រ ដើម្បី «ចែករំលែកការវាយតម្លៃអំពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ និងមានការពិភាក្សាយ៉ាងទូលំទូលាយលើបញ្ហាដែលមិនទាន់សម្រេចផ្សេងៗនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក»។
នៅក្នុងខ្លឹមសារ រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងកូរ៉េខាងត្បូងនឹងជំរុញការពិភាក្សារបស់ពួកគេលើវិធានការតាមដានចំពោះកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-សហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ខែឧសភា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៅក្រសួងការពារជាតិ ដែលបានសុំមិនបញ្ចេញឈ្មោះបាននិយាយកាលពីថ្ងៃចន្ទក្នុងអំឡុងពេលប្រជុំបិទទា្វរ។
របៀបវារៈសំខាន់ៗចំនួនបួនសម្រាប់កិច្ចប្រជុំគឺស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ ជំហរការពារជាតិរួមបញ្ចូលគ្នារវាងកូរ៉េខាងត្បូង-អាមេរិក កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន និងស្ថានភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះ។
ប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយ ទាក់ទងនឹងឥរិយាបថការពារជាតិរួមបញ្ចូលគ្នា៖ ការពង្រីកការរារាំងរបស់សហរដ្ឋអាមេរិក និងសមយុទ្ធយោធារួមបញ្ចូលគ្នា។
ប្រមុខការពារជាតិនៃប្រទេសទាំងពីរនឹងស្វែងរកវិធីបង្កើនលទ្ធភាពរបស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង៕
ប្រភព៖ koreaherald