ក្រុមសិទ្ធិមនុស្សស្វែងរកការចាប់ខ្លួនអតីតប្រធានាធិបតីស្រីលង្កាលោក រ៉ាចាប៉ាក់សា ពីសិង្ហបុរី
ក្រុមសិទ្ធិមនុស្សដែលចងក្រងការរំលោភបំពានផ្សេងៗនៅស្រីលង្កា បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅកាន់អគ្គមេធាវីសិង្ហបុរី ដើម្បីស្វែងរកការចាប់ខ្លួនអតីតប្រធានាធិបតីលោកហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា(Gotabaya Rajapaksa) សម្រាប់តួនាទីរបស់លោកក្នុងសង្គ្រាមស៊ីវិលដ៏យូរអង្វែងរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ។
ក្នុងបណ្ដឹងគម្រោងការពិត និងយុត្តិធម៌អន្តរជាតិ (ITJP) និយាយថា លោករ៉ាចាប៉ាក់សាប្រព្រឹត្តបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ក្នុងអំឡុងសង្គ្រាមស៊ីវិលក្នុងឆ្នាំ ២០០៩ នៅពេលលោកធ្វើជាប្រមុខការពារជាតិរបស់ប្រទេស។
ITJP ដែលមានមូលដ្ឋាននៅអាហ្រ្វិកខាងត្បូងបានប្រកែកថាផ្អែកលើយុត្តាធិការសកល ការរំលោភបំពានដែលលោក រ៉ាចាប៉ាក់សារងការចោទប្រកាន់ត្រូវទទួលរងការកាត់ទោសនៅសិង្ហបុរី ជាកន្លែងដែលលោកភៀសខ្លួនទៅក្រោយមានភាពចលាចលជាច្រើនខែជុំវិញវិបត្តិសេដ្ឋកិច្ចស្រីលង្កា។
លោករ៉ាចាប៉ាក់សាបានដាក់ពាក្យលាលែងពីតំណែងនៅសិង្ហបុរី១ ថ្ងៃបន្ទាប់ពីភៀសខ្លួនទៅប្រទេសនេះកាលពីថ្ងៃទី ១៣ខែកក្កដា ក្រោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានសម្រុកចូលការិយាល័យ និងលំនៅដ្ឋានផ្លូវការរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។
លោកស្រី Alexandra Lily Kather មេធាវីម្នាក់នៃពាក្យបណ្តឹងព្រហ្មទណ្ឌប្រាប់រ៉យទ័រថា៖ «ពាក្យបណ្តឹងព្រហ្មទណ្ឌ ផ្អែកលើព័ត៌មានដែលអាចផ្ទៀងផ្ទាត់បានទាំងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត និងភស្តុតាង» ដែលទាក់ទងនឹងលោក រ៉ាចាប៉ាក់សា។ លោកស្រីបន្តថា៖ «សិង្ហបុរីពិតជាមានឱកាសពិសេសមួយជាមួយនឹងពាក្យបណ្តឹងនេះ ដោយមានច្បាប់ និងគោលនយោបាយផ្ទាល់ ដើម្បីឈរលើការពិត»។
លោករ៉ាចាប៉ាក់សាមិនទាន់ចេញប្រតិកម្មយ៉ាងណាទេ ប៉ុន្តែកន្លងមក លោកធ្លាប់បដិសេធយ៉ាងដាច់អហង្ការថា លោកគ្មានអ្វីត្រូវទទួលខុសត្រូវចំពោះការរំលោភសិទ្ធិក្នុងអំឡុងពេលសង្រ្គាមនោះទេ។
អ្នកនាំពាក្យរបស់អង្គជំនុំជម្រះនៃអគ្គមេធាវីសិង្ហបុរីនិយាយថា ខ្លួនបានទទួលលិខិតមួយពីITJP កាលពីថ្ងៃសៅរ៍ ប៉ុន្តែ «មិនអាចអធិប្បាយលើបញ្ហានេះបន្ថែមបានទេ»។
លោកShubhankar Dam សាស្ត្រាចារ្យនៅសាកលវិទ្យាល័យPortsmouth School of Law ក្នុងប្រទេសអង់គ្លេស ដែលបង្រៀននៅសិង្ហបុរីនិយាយប្រាប់រ៉យទ័រថា៖ «ខណៈតុលាការសិង្ហបុរីអាចកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ការប្រល័យពូជសាសន៍ និងការធ្វើទារុណកម្មមានការចែងថា យុត្តាធិការបែបនេះគួរតែប្រើសម្រាប់ជាមធ្យោបាយចុងក្រោយប៉ុណ្ណេះ»។
លោកថា៖ «ការសម្រេចចិត្តណាមួយដើម្បីកាត់ទោសអតីតប្រមុខរដ្ឋបរទេសត្រូវតែមានតុល្យភាព ប្រឆាំងនឹងគោលបំណងគោលនយោបាយការបរទេសរបស់ខ្លួន»។
ស្រីលង្កាបញ្ចប់សង្គ្រាមស៊ីវិលដែលមានរយៈពេល ២៥ឆ្នាំរវាងក្រុមបះបោរបំបែកខ្លួនពីក្រុមជនជាតិភាគតិចតាមិល និងកងកម្លាំងរដ្ឋាភិបាលក្នុងឆ្នាំ២០០៩។ក្រុមសិទ្ធិមនុស្សចោទប្រកាន់ភាគីទាំង២ពីបទរំលោភបំពានក្នុងអំឡុងពេលសង្រ្គាម។ITJP ធ្លាប់បានជួយក្នុងបណ្តឹងរដ្ឋប្បវេណីចំនួន២ប្រឆាំងនឹងលោករ៉ាចាប៉ាក់សាប៉ុន្តែករណីទាំង២ត្រូវដកចេញបន្ទាប់ពី អតីតមេដឹកនាំរូបនេះក្លាយជាប្រធានាធិបតីក្នុងឆ្នាំ ២០១៩។
ប្រភព៖ Reuters