រដ្ឋបាលបៃដិនពង្រឹងគោលជំហរអាមេរិកក្នុងតំបន់ឡើងវិញ ដោយបញ្ចេញកញ្ចប់ទឹកប្រាក់ជិត២ពាន់លានដុល្លារ ក្រោយឥទ្ធិពលចិនជ្រៀតចូលយ៉ាងខ្លាំង
សហរដ្ឋអាមេរិកកំពុងទាញយកប្រជាប្រិយភាពឡើងវិញក្នុងតំបន់អាមេរិកឡាទីន ឬដែលគេស្គាល់ថា «អាមេរិកខាងត្បូង» ដែលអតីតប្រធានាធិបតីអាមេរិកបោះបង់ការយកចិត្តទុកដាក់ ហើយធ្វើឲ្យមេដឹកនាំតំបន់នេះងាកទៅរកមហាអំណាចចិនយ៉ាងខ្លាំង។
មួយថ្ងៃនៅមុនកិច្ចប្រជុំកំពូលបានចាប់ផ្តើមនៅឯកិច្ចប្រជុំកំពូលនៅអាមេរិកឡាទីននៅទីក្រុង Los Angeles ក្នុងរដ្ឋកាលីហ្វ័រនៀ សហរដ្ឋអាមេរិក អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានប្រកាសផ្តល់ថវិកាថ្មីចំនួន១,៩ពាន់លានដុល្លារក្នុងវិស័យឯកជន ដើម្បីជំរុញការបង្កើតការងារធ្វើក្នុងក្តីសង្ឃឹមនៃការកាត់បន្ថយការធ្វើចំណាកស្រុកពីតំបន់អាមេរិកកណ្តាល ដែលមិនចូលរួមដោយមេដឹកនាំនៃប្រទេសម៉ិកស៊ិក និងប្រទេសដែលរងផលប៉ះពាល់ផ្សេងទៀត។ នេះតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មានបារាំង AFP។
កាសែត Los Angeles times ដែលចេញផ្សាយមុនកិច្ចប្រជុំនោះមួយថ្ងៃ បានអះអាងថា កិច្ចប្រជុំមេដឹកនាំនៅទ្វីបអាមេរិកនេះបានកើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ បន្ទាប់ពីមានសម្របសម្រួលក្រោយការដួលរលំសហភាពសូវៀត ដើម្បីពិភាក្សាលើរបៀបវារៈ ពាណិជ្ជកម្ម វិបុលភាព ជនអន្តោប្រវេសន៍ និង ប្រជាធិបតេយ្យ។ កិច្ចប្រជុំនាពេលនោះក្នុងអំណាចរដ្ឋបាលរបស់លោក ប៊ីល ល្លីនតុន ត្រូវបានចូលរួមដោយប្រមុខប្រទេសទាំងអស់ក្នុងតំបន់ លើកលែងតែ គុយបាមួយគត់។
ក្នុងអំណាចរបស់លោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីផ្តោតលើគោលនយោបាយលើកកម្ពស់កិត្យានុភាពជាតិខ្លាំង ដែលគេស្គាល់ថា «American First» បានបោះបង់ការយកចិត្តទុកដាក់នយោបាយការបរទេស និងបង្កជម្លោះពាណិជ្ជកម្មនៅគ្រប់តំបន់ជុំវិញពិភពលោក។ កត្តានេះបានធ្វើឲ្យប្រទេសនៅតំបន់របស់ខ្លួនងាកទៅរកទីពឹងពីខាងក្រៅដែលមានចិនជាបង្អែកដ៏រឹងមាំ តាមរយៈគោលនយោបាយ «ផ្លូវសូត្រ» ដែលទម្លាក់ទុនសម្រាប់កម្ចីអភិវឌ្ឍយ៉ាងច្រើនសម្រាប់ប្រទេសនានាជុំវិញពិភពលោក។
កាលឆ្នាំ២០១៨ ក្រុមសិក្សាវិភាគ Think Tank នៃក្រុមប្រឹក្សាស្តីពីទំនាក់ទំនងការបរទេស(CFR)របស់អាមេរិកមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានហៅការបោះបង់អាមេរិកឡាទីន របស់ លោក ដូណាល់ ត្រាំ ថា «ជាការប្រឈមធំបំផុតរបស់អាមេរិក (America’s Biggest Challenges) ដោយហៅរដ្ឋបាលអាមេរិកថា កំពុងដើរផ្លូវខុសនៃការប្រឆាំងអំពើពុករលួយ និងជនអន្តោរប្រវេសន៍ ដោយចុងក្រោយនាំផលលំបាកសម្រាប់ទំនាក់ទំនងអាមេរិក និងក្រុមប្រទេសអាមេរិកខាងត្បូង។
ក្នុងរយៈពេលនេះដែរ ទីក្រុងប៉េកាំងក៏បានពង្រីកវត្តមានការទូត វប្បធម៌ និងយោធារបស់ខ្លួនកាន់តែរឹងមាំងនៅក្នុងតំបន់ក្បែរខាងអាមេរិក។ ក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ១៩ ប្រទេសចិនបានបង្កើនការគាំទ្ររបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹង កូវីដ១៩ដោយផ្គត់ផ្គង់ក្នុងតំបន់ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រ ប្រាក់កម្ចី និងថ្នាំវ៉ាក់សាំងរាប់រយលានដល់ប្រទេសក្នុងតំបន់។ យោងតាម CFR។
ការចាប់ផ្តើមស្តារមុខមាត់របស់សហរដ្ឋអាមេរិកនៅពេលនេះផ្តោតលើការវិនិយោគក្នុងវិស័យឯកជន និងការបង្រៀនយុវជន។
មួយថ្ងៃមុនពេលការមកដល់របស់ លោកប្រធានាធិតីអាមេរិក លោក ចូ បៃដិន អនុប្រធានាធិបតី លោកស្រី ហារីស បានបង្ហាញការប្តេជ្ញាចិត្តសម្រាប់វិស័យធុរកិច្ចដែលនឹងចាយទឹកប្រាក់ចំនួន១,៩ពាន់លានដុល្លារពីក្រុមហ៊ុនអាជីវកម្មដែលបន្ថែមលើ ១,២ពាន់លានដុល្លារដែលបានប្រកាសកាលពីឆ្នាំមុន សម្រាប់ប្រទេសតំបន់ត្រីកោណខាងជើង មាន អែលសាល់វ៉ាឌ័រ (El Salvador), ក្វាតេម៉ាឡា (Guatemala) និង ហុងឌូរ៉ាស (Honduras) ដែលរងគ្រោះដោយអំពើហឹង្សានិងក្រីក្រតោកយ៉ាក។
អនុប្រធានាធិបតី ហារីស ក៏បានប្រកាសពីការបង្កើត «Central American Service Corps» ដែលផ្តល់មូលនិធិតាមរយៈជំនួយរបស់សហរដ្ឋអាមេរិក (US aid) ដើម្បីបង្រៀនណែនាំយុវជន វ័យក្មេង។
AFP បានដកស្រង់សម្តីលោកស្រី ដូចដែលបាននិយាយថា៖«យើងដឹងថាប្រជាជនអាមេរិកនឹងទទួលបានអត្ថប្រយោជន៍ពីប្រទេសជិតខាងដែលមានស្ថិរភាព និងវិបុលភាព។ ហើយនៅពេលដែលយើងផ្តល់ឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាជននៅអាមេរិកកណ្តាល យើងដោះស្រាយកត្តាជំរុញដ៏សំខាន់នៃការធ្វើចំណាកស្រុក»។
យោងតាម CFR ក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិនគឺជាអ្នកវិនិយោគធំនៅក្នុងវិស័យ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មអវកាស ហើយចិន បានវ៉ាដាច់សហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិកខាងត្បូង។
ខណៈដែលចិនលូកចូលកាន់តែជ្រៅចូលទៅក្នុងតំបន់ជាប់របងផ្ទះអាមេរិក តាមរយៈការដាក់ទុនវិនិយោគក្នុងវិស័យជាច្រើននៅក្នុងតំបន់ដែលហែកហួរដោយសារភាពក្រីក្រ អំពើហិង្សា និងជនភៀសខ្លួនដ៏ច្រើនលើសលប់។
តាមការសិក្សារបស់ CFR ក្នុងឆ្នាំ ២០០០ ការនាំចេញរបស់អាមេរិកឡាទីនទៅកាន់ទីផ្សារចិនមានចំនួនតិចជាង២ភាគរយប៉ុណ្ណោះ ប៉ុន្តែកំណើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងជាលទ្ធផលតម្រូវការបានជំរុញឱ្យទំនិញបន្តបន្ទាប់ក្នុងតំបន់មានការកើនឡើង។
ពាណិជ្ជកម្មបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៣១ភាគរយ ដោយឈានដល់តម្លៃ ១៨០ពាន់លានដុល្លារក្នុងឆ្នាំ២០១០។ ពាណិជ្ជកម្មសរុបរវាងពួកគេមានចំនួន ៤៥០ពាន់លានដុល្លារ ហើយអ្នកសេដ្ឋកិច្ចព្យាករណ៍ថាវាអាចលើសពី៧០០ពាន់លានដុល្លារនៅឆ្នាំ ២០៣៥ខាងមុខ ។
ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំលេខពីក្នុងពិភពលោក ដែលដេញពីក្រោយសហរដ្ឋអាមេរិកកំពុងបង្កើនការវិនិយោគយ៉ាងខ្លាំងនៅក្នុងតំបន់នោះ។ ប្រទេសចិនបច្ចុប្បន្ន ជាដៃគូពាណិជ្ជកម្មកំពូលរបស់អាមេរិក និងធំទីពីរសម្រាប់អាមេរិកឡាទីនទាំងមូល បន្ទាប់ពីសហរដ្ឋអាមេរិក។
កិច្ចប្រជុំកំពូលប្រចាំទ្វីបនេះក៏មិនមានវត្តមានរបស់មេដឹកនាំនៃប្រទេសមួយចំនួនដែលក្រុមអ្នកវិភាគថា វាជាក្តីអាម៉ាស់របស់អាមេរិកដែលមិនអាចរួបរួមប្រទេសជាប់របងរបស់ខ្លួននោះ។
មេដឹកនាំតំបន់ត្រីកោណខាងជើងចូលរួមកិច្ចប្រជុំកំពូលនោះទេ ហើយក៏គ្មានប្រធានាធិបតី អង់ដ្រេស ម៉ានូអែល ឡូប៉ែស អូប្រាឌ័រ (Andres Manuel Lopez Obrador) នៃប្រទេសម៉ិកស៊ិកនៅជាប់អាមរិកដែលមានព្រំដែនរួមគ្នាប្រវែង៣២០០គីឡូម៉ែត្រនិងជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិកលើគោលនយោបាយចំណាកស្រុក។
យោងតាម AFP លោក Lopez Obrador បានទទូចថាលោក Biden អញ្ជើញរដ្ឋាភិបាលទាំងអស់រួមទាំងគុយបា នីការ៉ាហ្គ័រ និង វេណេហ្ស៊ុយអេឡា ដែលសហរដ្ឋអាមេរិកមិនរាប់បញ្ចូលក្នុងហេតុផលថាកិច្ចប្រជុំកំពូលនេះគឺសម្រាប់តែលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ។
មេដឹកនាំប្រទេសមួយចំនួនដែលមិនបានចូលរួម ដោយសំអាងថា កិច្ចប្រជុំនោះគ្មានរបៀបវារៈច្បាស់លាស់៕