រដ្ឋលេខាធិការក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយប្រតិភូកូរ៉េ ដើម្បីអនុវត្តអនុស្សរណៈនៃកិច្ចព្រមព្រៀង ស្តីពីគម្រោងទំនើបកម្មឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូសាធាណៈរដ្ឋកូរ៉េ ដើម្បីអនុវត្តអនុស្សរណៈនៃកិច្ចព្រមព្រៀង ស្តីពីគម្រោងទំនើបកម្មឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ។
ភាគីក្រសួងព័ត៌មានដឹកនាំដោយឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខណៈភាគីប្រតិភូសាធារណរដ្ឋកូរ៉េដឹកនាំដោយលោក LEE JAE SOON ដៃគូស្ថាបនិក SEOPYEONG Law Firm នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ។
ជំនួបនេះដែរ គឺដើម្បីអនុវត្តអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងដៃគូស្ថាបនិក SEOPYEONG Law Firm នៃសាធារណរដ្ឋកូរ៉េ ជាមួយក្រសួងព័ត៌មាន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីគម្រោងទំនើបកម្មឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង នៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមខ្លឹមសារអនុស្សរណៈនៃកិច្ចព្រមព្រៀង ភាគីទាំងពីរ នឹងរៀបចំសិក្សាក្នុងការអនុវត្តលើគម្រោងសំខាន់ៗមួយចំនួន ហើយគណៈកម្មាធិការសម្របសសម្រួលពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិក្រសួងព័ត៌មាន បានធ្វើការទំនាក់ទំនងជាមួយភាគីសាធារណរដ្ឋកូរ៉េ ពិគ្រោះយោបល់ជាមួយភាគីទៅវិញទៅមក និងអនុវត្តការងារជាច្រើន។
ជាលទ្ធផល លោក LEE JAE SOON ដៃគូស្ថាបនិក SEOPYEONG Law Firm នៃសាធារណរដ្ឋកូរ៉េ បានដឹកនាំប្រតិភូចំនួន ៨រូប មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាអំពីវឌ្ឍនភាព អនុវត្តអនុស្សរណៈ កិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ៕ ដោយ អ៊ិត រ៉ាវុធ