អ៊ុយក្រែនធ្វើការដើម្បីនាំចេញគ្រាប់ធញ្ញជាតិ ដោយចាត់ទុកការវាយប្រហាររបស់រុស្ស៊ីថាជាហានិភ័យ
អ៊ុយក្រែនជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួនឡើងវិញក្រោមកិច្ចព្រមព្រៀងដែលមានគោលបំណងកាត់បន្ថយការខ្វះខាតស្បៀងអាហារជាសកល ប៉ុន្តែព្រមានពីការជាប់គាប់គាំងដោយសារការវាយប្រហារដោយការបាញ់មីស៊ីលនៅក្រុងអូដេហ្សារបស់រុស្ស៊ីកាលពីថ្ងៃសៅរ៍ គឺជាសញ្ញានៃការអូសបន្លាយ។
រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ លោក Oleksandr Kubrakov និយាយលើហ្វេសប៊ុកកាលពីថ្ងៃអាទិត្យថា៖ «យើងបន្តការត្រៀមលក្ខណៈបច្ចេកទេសសម្រាប់ការចាប់ផ្តើមការនាំចេញ ផលិតផលកសិកម្មពីកំពង់ផែរបស់យើង»។
ប៉ុន្តែការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃសៅរ៍គឺជាកង្វល់មួយផ្សេងទៀត។ទោះបីយោធាអ៊ុយក្រែននិយាយថា មីស៊ីលរបស់រុស្ស៊ី មិនបានវាយប្រហារតំបន់ស្តុកគ្រាប់ធញ្ញជាតិរបស់កំពង់ផែ ឬបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរក្ដីលោកប្រធានាធិបតីវ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រហារកាលពីថ្ងៃសៅរ៍ថាជា «ភាពព្រៃផ្សៃ» ដែលបង្ហាញថាទីក្រុងម៉ូស្គូមិនអាចជឿទុកចិត្តបានក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលធ្វើឡើង១ថ្ងៃមុននោះក្រោមការសម្រុះសម្រួលរបស់តួកគី និងអង្គការសហប្រជាជាតិ។
យោងតាមយោធាអ៊ុយក្រែន មីស៊ីលKalibr ចំនួន២គ្រាប់ដែលបាញ់ចេញពីនាវាចម្បាំងរុស្ស៊ី បានវាយប្រហារតំបន់ស្ថានីយ៍បូមទឹកនៅកំពង់ផែ ហើយ២គ្រាប់ផ្សេងទៀតត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងការពារដែនអាកាស។
រុស្ស៊ីនិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនដែលវាយប្រហារតែលើ «គោលដៅយោធា» បានវាយប្រហារចំលើនាវាចម្បាំងអ៊ុយក្រែន និងឃ្លាំងអាវុធនៅក្រុងអូដេហ្សាជាមួយនឹងមីស៊ីលដែលមានភាពច្បាស់លាស់ខ្ពស់។
ការវាយប្រហារនេះធ្វើឡើង ក្រោយកិច្ចព្រមព្រៀងមួយរវាងក្រុងម៉ូស្គូ និងក្រុងកៀវ ត្រូវបានសម្រេចឡើងកាលពីថ្ងៃសុក្រ ដើម្បីឱ្យអ៊ុយក្រែនបន្តធ្វើការនាំចេញផលិតផលស្បៀងរបស់ខ្លួនទៅកម្រិតមុនសង្រ្គាម ក្នុងចំនួន ៥ លានតោនក្នុង១ខែ។
ប៉ុន្តែទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ហ្សេលេនស្គីលោក Oleh Ustenkoព្រមានកាលពីថ្ងៃអាទិត្យថា ការវាយប្រហារលើក្រុងអូដេហ្សាបង្ហាញសញ្ញាថាវាអាចនឹងមិនអាចសម្រេចបាន។ លោកថា អ៊ុយក្រែនអាចនាំចេញគ្រាប់ធញ្ញជាតិបាន៦០ លានតោនក្នុងរយៈពេល៩ខែខាងមុខ ប៉ុន្តែវានឹងចំណាយពេលរហូតដល់២៤ខែ ប្រសិនបើប្រតិបត្តិការនៅកំពង់ផែរបស់ខ្លួនត្រូវរំខាន។
ប្រភព៖ Reuters