នាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេមកម្ពុជារំពឹងឈ្នះមេដាយមាសបីក្នុងអាស៊ានប៉ារ៉ាហ្គេមលើកទី១១ (Video Inside)

នាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេមកម្ពុជាលោក យី វាសនា បានថ្លែងរំពឹងថាកម្ពុជានឹងអាច ឈ្នះមេដាយមាសយ៉ាងតិច ៣គ្រឿងក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលនឹងប្រព្រឹត្តទៅនាចុងសប្តាហ៍នេះ ក្នុងប្រទេសឥណ្ឌូណេស៊ី។

លោក យី វាសនា ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងបង្ហាញក្តីសង្ឃឹមការទទួលបានមេដាយ មាសនេះ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីចុងសប្ដាហ៍កន្លងទៅ។ សន្និសីទកាសែតគឺ នៅមុនពេលដែលអត្តពលិកជនពិការកម្ពុជានឹងត្រូវធ្វើដំណើរចាកចេញពីមាតុភូមិតាមជើង យន្ដហោះពិសេសSky Angkor Airlines ពីរាជធានីភ្នំពេញទៅទីក្រុងសូឡូប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៦ ខែកក្កដា។

លោក យី វាសនា ថ្លែងថា កម្ពុជានឹងអាចបំបែកឯតទគ្គកម្មមេដាយ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ដែលកាលនោះ កម្ពុជាដណ្ដើមបានត្រឹមមេដាយប្រាក់ ៥ និងសំរឹទ្ធ ៥គ្រឿងប៉ុណ្ណោះ។ លោកបានថ្លែងថា ប៉ុន្ដែ ផ្អែកលើការខំប្រឹង និងការប្ដេជ្ញាចិត្តរបស់កីឡាករ-កីឡាការិនីជនពិការកម្ពុជាឆ្នាំ២០២២នេះ លោកជឿជាក់ថា កម្ពុជានឹងអាចឈ្នះមេដាយមាសយ៉ាងតិច ៣គ្រឿង ខណៈមេដាយប្រាក់ យ៉ាងហោច ១០ និងមេដាយសំរឹទ្ធយ៉ាងហោច ១៥គ្រឿង ផងដែរ។

ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដែលនឹងចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូនាចុងសប្ដាហ៍នេះគឺមានចំនួន ១៦៦នាក់ក្នុងនោះមានកីឡាករ-កីឡាការិនី ចំនួន ១១៥នាក់ លើ១១ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះបុរស និងនារី, បាល់បោះរទេះបុរសនិងនារី, បាល់បោះជនពិការ, បាល់ទាត់ម្ខាង៧នាក់,  វាយកូន ឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក និងបូស្យា។

បេកសកម្មនេះដឹកនាំផ្ទាល់ដោយប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ដែលជាប្រធានគណៈប្រតិភូកីឡាប៉ារ៉ា ឡាំពិកកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ads banner