អភិបាលខេត្តបាត់ដំបង ៖ លោកគ្រូ អ្នកគ្រូ ត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សិស្សានុសិស្ស ពីសារៈសំខាន់ នៃការប្រឡងសិស្សពូកែ

ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់លោកគ្រូ អ្នកគ្រូ ត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សិស្សានុសិស្ស ពីសារៈសំខាន់ នៃការប្រឡងសិស្សពូកែទាំងក្នុងកម្រិតថ្នាក់ស្រុក-ក្រុង ខេត្ត ថ្នាក់ជាតិ និងអន្តរជាតិ ។ ត្រូវបង្ហាញពីអត្ថប្រយោជន៍សំខាន់ នៃការប្រឡងជាប់ជាសិស្សពូកែ គឺដើម្បី កិត្តិយស និងមុខមាត់របស់ខ្លួនឯង មុខមាត់គ្រូ និងសាលារៀន និងដើម្បីមុខមាត់សម្រាប់ក្រុង ស្រុក មន្ទីរ និងខេត្តខ្លួនទាំងមូលទៀតផង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំ ដកពិសោធន៍ និងធ្វើការតាមដានត្រួតពិនិត្យឡើងវិញ ពីវឌ្ឍនភាពវិស័យអប់រំក្នុងខេត្តបាត់ដំបង ជាពិសេស”កម្រិតបឋមសិក្សា និងមត្តេយ្យសិក្សា” ក្រោយពីការផ្ទេរមកឲ្យរដ្ឋបាលក្រុង-ស្រុក និងពីការធ្លាក់ចុះចំនួនសិស្សពូកែកន្លងទៅនេះ នៅតាមសាលារៀន នាថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២២ ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យភាគីពាក់ព័ន្ធត្រូវសហការគ្នាក្នុងការពង្រឹងនូវគុណភាពអប់រំនៅគ្រប់កម្រិត និងបានណែនាំ ដល់អភិបាលក្រុង ស្រុក ត្រូវចូលរួមសហការឱ្យបានជិតស្និទជាមួយការិយាល័យអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ដោយសំដៅធ្វើយ៉ាងណាក្នុងការពង្រឹងនូវគុណភាពអប់រំគ្រប់បណ្តាស្រុក-ក្រុង ឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរ និងលោកគ្រូ អ្នកគ្រូ ត្រូវពង្រឹងការត្រួតពិនិត្យមើលឲ្យជាប់ជាប្រចាំ ទៅលើការលក់ដូរម្ហូបអាហារ នៅក្នុងសាលារៀនរបស់ខ្លួន ដើម្បីលើកកម្ពស់សុខុមាលភាពសិស្ស សុខភាពនៃការសិក្សា និងអនាម័យបរិស្ថានក្នុងសាលា។ ជាពិសេសត្រូវបង្កើននូវការទប់ស្កាត់ត្រូវលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមសាលារៀន ដោយមិនត្រូវឲ្យកើតមានជាដាច់ខាត៕ ដោយ៖អ៊ុក សំអាន

ads banner