នគរបាលស្រុកស្អាង សហការជាមួយនគរបាលក្រុងតាខ្មៅ និងខេត្តតាកែវ បំបែកសំបុកក្រុមចោរធាក់ប្លន់ម៉ូតូពីពលរដ្ឋជាច្រើនលើកបានសម្រេច

កណ្តាល៖ ក្រោមការបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឱ្យលោកវរសេនីយ៍ លន ចន្ថារ អធិការរងនគរបាលស្រុកស្អាង បានដឹកនាំកម្លាំងព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ កម្លាំងនគរបាលខេត្តតាកែវ និងមានការចូលរួមពីកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តកណ្តាល បានបើកប្រតិបត្តិការណ៍បង្ក្រាបបំបែកសំបុកក្រុមចោរធាក់យកម៉ូតូពីពលរដ្ឋជាច្រើនលើកបានសម្រេច និងឃាត់ខ្លួនបាន ០៥នាក់ គេចខ្លួនរួច ០៨នាក់ រួមនិងវត្ថុតាងមួយចំនួនធំ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៥ និង ៥០នាទី នៅចំនុចលើផ្លូវជាតិលេខ២១ភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ លន ចន្ថារ អធិការរងនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនរងគ្រោះ ០២នាក់ ទី១ឈ្មោះ សិច ប៊ុនលី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកាលររោងចក្រ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ទី២ឈ្មោះ ឡុច ផល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

លោកបានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមកពីភ្នំពេញទៅផ្ទះនៅឃុំព្រែកអំបិល ។ លុះពេលជិះម៉ូតូមកដល់ចំនុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ ទី១ឈ្មោះ បុរី គឹមហំ ហៅ ហុង ទី២ឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ និងទី៣មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ០១គ្រឿងម៉ាកសង់ ដេញតាមជនរងគ្រោះ ហើយធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល រួចជនសង្សយ័ឈ្មោះ បុរី គឹមហំ ហៅ ហុង ព្យាយាមលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ។

ភ្លាមនោះជនរងគ្រោះបានស្រែថាចោរៗ ក៏ត្រូវបានឈ្មោះ ហ៊ សុខម៉ិញ នៅក្បែរនោះរត់ជួយដេញចាប់ឃាត់ខ្លួនបានជនសង្យ័យឈ្មោះ ឡុង ចន្ទ័បូរឬទ្ធិ ចំណែកជនសង្សយ័ឈ្មោះ បុរី គឹមហំ ហៅ ហុង រត់គេចខ្លួនចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួនបាន រីឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ បុរី គឹមហំ ហៅ ហុង និងឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ រួចមក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានធ្វើការសាកសួរ រហូតបន្តធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់បន្ថែមទៀត ដែលជាបក្សពួកមាន ទី១ឈ្មោះ ខុន សឹងហាក់ ទី២ឈ្មោះ នី សុខឡៃ ទី៣ឈ្មោះ ធឿន លីន មកធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្សពួកខាងលើ ធ្លាប់ធ្វើសកម្មភាពធាក់ វ៉ៃប្លន់យកម៉ូតូនៅតាមផ្លូវ ចំនួន ២៥លើកមកហើយ នៅស្រុកស្អាង ស្រុកកោះធំ ស្រុកគៀនស្វាយ ក្រុងតាខ្មៅ និងស្រុកខ្លះក្នុងខេត្តតាកែវ ។ ចុងក្រោយនៅថ្ងៃទី២៤ ខែ០៧ ឆ្នាំ២០២២ ធ្វើសកម្មភាពនៅឃុំព្រែកគយនិងឃុំទឹកវិល ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។ នៅពេលធ្វើសកម្មភាពបានយកម៉ូតូទាំងនោះទៅលក់ឲ្យបុរសមិនស្គាល់អត្តសញ្ញាណនៅខេត្តតាកែវ និង ជួនកាលយកទៅលក់នៅរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងចាប់យក បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ឆ ដា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner