ចោរជើងខ្លាំងពូកែខាងលួចប្រចាំបំបន់ក្រុងប៉ោយប៉ែត ត្រូវកំលាំងនគរបាលក្របួចបាន

បន្ទាយមានជ័យ ៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ចំនួនពីរនាក់ រស់នៅក្រុងប៉ោយប៉ែតថា ពួកគាត់បានបាត់ម៉ូតូចំនួន ២គ្រឿង ត្រូវជនមិនស្គាល់មុខបានលួចទៅបាត់។ ពេលទទួលបានពាក្យប្តឹងហើយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវ តាមវិធានការជំនាញ ឈានដល់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ កូ ធារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងវត្ថុតាងម៉ូតូ ០២គ្រឿង។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលក្រុង និងនគរបាល ប៉ុស្តិ៍បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ភាន់ រតនៈ ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យប់ស្នាក់នៅក្នុងបន្ទប់ជួល បានអូសម៉ូតូចេញពីក្នុងបន្ទប់ដាក់មុខបន្ទប់ ហើយចូលក្នុងបន្ទប់វិញមិនបានដកសោពីម៉ូតូត្រូវចោរលួចយកទៅបាត់ ។ ម៉ូតូម៉ាក ហុងដាឌ្រីម ឆ្នាំ២០០៦ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1D-2623 ។ ចំណែក ជនរងគ្រោះម្នាក់ទៀត ឈ្មោះម៉េង ស្រីណែត ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិយាយថា មុនពេលកើតហេតុនៅម៉ោង ១០យប់ ចោរបានចូលលួចយកម៉ូតូរបស់គាត់ម៉ាកHONDA Scoopy ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខប.មានជ័យ -1S-9046 ដែលបញ្ឈរទុកនៅមុខផ្ទះពុំបានដកកូនសោចេញពីម៉ូតូ ជិះទៅបាត់ ហើយចំណែកម៉ូតូរបស់ចោរទុកនៅកន្លែកើតហេតុ។

លោកអធិការក្រុងប៉ោយប៉ែត ឲ្យដឹងទៀតថា ៖ ជនសង្ស័យក្រោយពីឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចបានសារ ភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះទាំង ០២នាក់ពិតប្រាកដមែន ។ ផ្អែកតាមបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូនិងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនិតិវិធី ។ ចំពោះម៉ូតូទាំង ០២គ្រឿង ត្រូវបានដកហូត និងប្រគល់ជូនម្ចាស់ដើមទាំង ០២នាក់វិញផងដែរ ៕ ដោយ ៖ ឃិន គន្ធា

ads banner