វិមានក្រឹមឡាំងទាត់ចោលរបាយការណ៍របស់កាសែត New York Times ស្តីពីទំហំនៃការខាតបង់របស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន

ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ បានច្រានចោលរបាយការណ៍របស់កាសែត New York Times ស្តីអំពីទំហំនៃការខាតបង់របស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយចោទប្រកាន់កាសែតនេះថា បានចេញផ្សាយដោយគ្មានមូលដ្ឋានច្បាស់លាស់ពីរដ្ឋាភិបាល។ លោក ប៉េសកូវ បាននិយាយថា នេះមិនមែនជាសេចក្តីថ្លែងការណ៍របស់រដ្ឋបាលសហរដ្ឋអាមេរិកទេ នេះគឺជារបាយការណ៍របស់កាសែត។ លោកថា សព្វថ្ងៃនេះ សូម្បីតែកាសែតល្បីឈ្មោះបំផុតក៏មិនគេចវេសពីការផ្សាយក្លែងក្លាយផ្សេងៗដែរ។ ជាអកុសល ការអនុវត្តបែបនេះបានក្លាយជារឿងធម្មតាកាន់តែខ្លាំងឡើង។ នេះជាវិធីដែលយើងគួរព្យាបាល។

ប្រតិកម្មខាងលើនេះរបស់វិមានក្រឹមឡាំង បានកើតមានឡើងបន្ទាប់ពីកាសែត New York Times នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានរាយការណ៍ថា រដ្ឋបាលលោក បៃដិន ជឿជាក់ថា ទាហានរុស្ស៊ីរហូតដល់ ៧៥.០០០នាក់បានស្លាប់ ឬរបួសក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទន្ទឹមនឹងនេះ កាសែត The Times ក៏បានព្រមានដែរថា ការប៉ាន់ប្រមាណពីជនរងគ្រោះនៃយោធាទាំងសងខាង គឺមានចំនួនខ្ពស់ជាងការប៉ាន់ស្មាន ដោយកត់សម្គាល់ថា តួលេខអាចខុសគ្នារាប់ម៉ឺននាក់ឯណោះ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទួលស្គាល់ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសលោកកំពុងទ្រទ្រង់ការខាតបង់យ៉ាងខ្លាំង។ ជាក់ស្តែងកាលពីសប្តាហ៍មុន លោកបាននិយាយថា ទីក្រុងកៀវបាត់បង់កងទ័ពប្រហែល ៣០នាក់ក្នុងការប្រយុទ្ធក្នុងមួយថ្ងៃ ដែលមានចំនួនតិចជាងក្នុងខែឧសភា និងខែមិថុនា ដែលចំនួនទាហានស្លាប់ពី ១០០ ទៅ ២០០នាក់ក្នុងមួយថ្ងៃ។ ដោយឡែកកាលពីថ្ងៃទី៤ ខែកក្កដាកន្លងមកនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ ស៊យហ្គូ បានប្រកាសថា ក្នុងរយៈពេលពីរសប្តាហ៍មុននេះ អ៊ុយក្រែនបានបាត់បង់ទាហានជិត ៥.៥០០នាក់ ក្នុងនោះមានជាង ២.០០០នាក់ត្រូវបានសម្លាប់ ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner