ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ សិស្សានុសិស្សជិតកន្លះលាននាក់ ទទួលបានលទ្ធផលសិក្សាល្អ ដោយសារផលជះជាវិជ្ជមាននៃការអនុវត្តគម្រោង កែលម្អការអប់រំនៅមធ្យមសិក្សា

ភ្នំពេញ ៖ ថ្លែងក្នុងពិធី ការបិទគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា (SEIP) ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា តាមរយៈការអនុវត្តគម្រោងនេះ បានជួយលើកកម្ពស់គុណវឌ្ឍដោយនាយកសាលា ពី៣០០ទៅ៦០០នាក់ និងគ្រូបង្រៀន ២១៣៤នាក់ បានទទួលបានសញ្ញាបត្រ និងបានផ្តល់ផលជះជាវិជ្ជមានដល់សាលារៀនពី ១០០ ទៅ ៧០០សាលា និងសិស្សានុសិស្សប្រមាណជិតកន្លះលាននាក់ទទួលបានលទ្ធផលសិក្សាល្អប្រសើរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ដែលបានអនុវត្តគម្រោងនេះប្រកបដោយភាពជោគជ័យ និងស្មារតីធ្វើការរួមគ្នា ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធ គ្មានការដឹកនាំកម្រិតគោលនយោបាយ ពីឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ជាប្រធានគម្រោង ក៏មិនអាចជំរុញ ភាពជោគជ័យបានឡើយ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អត្ថន័យនៃគម្រោងនេះ គឺបានប្រែក្លាយពីគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា ទៅជាយន្តការធ្វើកំណែទម្រង់ វិស័យអប់រំកម្រិតសាលារៀន និងជាយន្តការកំណែទម្រង់ផ្សេងទៀត ដូចជាការកែលម្អសាលារៀន និងប្រព័ន្ធអប់រំ ។

សូមជម្រាបថា គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា ត្រូវបានអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដែលផ្តល់ប្រាក់កម្ចីដោយធនាគារពិភពលោក ចាប់ផ្តើមនៅឆ្នាំ២០១៧ និងបញ្ចប់នៅឆ្នាំ២០២២។ គោលដៅអភិវឌ្ឍន៍នៃគម្រោង គឺការពង្រីក និងកែលម្អការអប់រំកម្រិតមធ្យមសិក្សាបឋមភូមិឱ្យសម្រេចបាននូវស្តង់ដារអប្បបរមា តាមតំបន់គោលដៅ និងដើម្បីផ្តល់នូវការឆ្លើយតបជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ក្នុងករណីមានវិបត្តិ ឬគ្រាអាសន្ន។ បន្ទាប់ពីបានអនុវត្តអស់រយៈពេល ០៥ឆ្នាំ គម្រោងសម្រេចបាននូវសូចនាករ និងគោលដៅអភិវឌ្ឍន៍របស់គម្រោង ជាមួយលទ្ធផលយ៉ាងគាប់ចិត្ត និងបានឈានដល់ដំណាក់កាល នៃការបិទគម្រោងនាពេលនេះ។

គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា មានសមាសភាគចំនួនទាំងបីគឺ៖
ទី១៖ ការកែលម្អការអប់រំកម្រិតមធ្យមសិក្សាបឋមភូមិឱ្យសម្រេចបានស្តង់ដារអប្បបរមា
ទី២៖ ការពង្រឹងការគ្រប់គ្រងគម្រោង និងការពិនិត្យតាមដាន និងការវាយតម្លៃ
ទី៣៖ ការឆ្លើយតបពេលមានអាសន្ន

អត្ថប្រយោជន៍សំខាន់ៗរបស់គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សារួមមាន៖
១. សិស្សានុសិស្សនៅក្នុងសាលាមធ្យមសិក្សាបឋមភូមិគោលដៅចំនួន១៣០ ទទួលបានអត្ថប្រយោជន៍ពីសាលារៀនដែលទើបសាងសង់ថ្មី
២. លោកគ្រូ-អ្នកគ្រូដែលបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន(TUP): នាយកសាលា និងនាយករងបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំ(LUP)
៣. បុគ្គលិកសាលារៀន បុគ្គលិកការិយាល័យអប់រំនៃរដ្ឋបាលក្រុង ស្រុកខណ្ឌ និងបុគ្គលិកមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក្រុង សហគមន៍ អាជ្ញាធរដែនដី ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីកែលម្អ និងការគ្រប់គ្រងតាមសាលារៀន
៤. មន្ត្រីអប់រំទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (PISA-D)។ អ្នកទទួលផលផ្សេងទៀតរួមមានមាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍ប្រមាណ៥០០នាក់នៅក្នុងសាលាគោលដៅ ដែលត្រូវបានលើកទឹកចិត្តឱ្យបង្កើនការចូលរួមគាំទ្រ នៅក្នុងសាលារៀន និងសហគមន៍របស់ពួកគាត់ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner