អភិបាលខណ្ឌចំការមន អំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩

ភ្នំពេញ៖ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន អំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា, លោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនដល់ជនចាស់ជរាគ្មានទីពឹង ជនពិការ អ្នកមានជំងឺរុំារ៉ៃសរុបចំនួន ២០គ្រួសារ ដែលរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងការហូបចុក ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីដែលងាយឆ្លងលឿន ដោយបន្តចូលរួមអនុវត្តវិធានការ ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឲ្យបានខ្ជាប់ខ្ជួន។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗ រួមមាន អង្ករ២៥គីទ្បូក្រាម មី ទឹកស៊ីអ៊ីវ ម៉ាស ជេល រួមនិងថវិកាមួយចំនួន។

បន្ទាប់ពីផ្តល់អំណោយរួច ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ បានទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះបញ្ញាសំវរៈ យូរ ភួង ព្រះចៅអធិការវត្តនួនមណីរាម ហៅវត្តថាន់។ ព្រះបញ្ញាសំវរៈ យូរ ភួង ព្រះចៅអធិការវត្ត បានមានព្រះថេរដីកាកោតសរសើរគាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។

ជាការឆ្លើយតប លោក ថេង សុថុល បានថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យវត្តទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់អនុសាខាខណ្ឌ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ក្នុងមូលដ្ឋាន។

លោកប្រធានអនុសាខាបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ ជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ក្នុងនោះបច្ច័យដែលបានទទួលមានចំនួន ៧,៥០០,០០០រៀល (ប្រាំពីរលានប្រាំសែនរៀល) ៕ ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner