សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ពិនិត្យមើលចំណុចខ្សោយ ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២២-២០២២ ពិសេសដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានការចូលរួមពីគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ។
ក្នុងអង្គសន្និបាត សហព័ន្ធបានបង្ហាញនូវវឌ្ឍនភាពការងារ និងការសម្រេចបាននាពេលកន្លងមក ពិសេសការសម្រេចបានលទ្ធផលដ៏ល្អប្រសើរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីថ្មីៗ ។
ឆ្លៀតឱកាសនោះ ឯកឧត្តម អ៊ូ រតនា ក៏បានបើកកិច្ចពិភាក្សា អំពីចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ពិសេសដើម្បីបង្ហាញពីការត្រៀមខ្លួនរួចរាល់ ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងដែរ ៕ ចាន់ វិចិត្រ








