ប្រធានាធិបតីហុងគ្រីព្រមានថា សហភាពអឺរ៉ុបកំពុងឆ្ពោះរកសង្គ្រាមសេដ្ឋកិច្ច

ប៊ុយដាប៉ែស៖ នាយករដ្ឋមន្ត្រីហុងគ្រីលោក វីគតឺ អ័របាន បានរិះគន់ផែនការសហភាពអឺរ៉ុប ដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ១៥% លុះត្រាតែប្លុកនេះជំរុញឱ្យមានសន្តិភាពនៅអ៊ុយក្រែន ដោយលោកបានព្រមានថា អឺរ៉ុបនឹងប្រឈមមុខនូវវិបត្តិថាមពល សេដ្ឋកិច្ច និងភាពចលាចលនយោបាយ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយអធិការបតីអូទ្រីសលោក ខាល់ នីហែមមើ នៅទីក្រុងវីយែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក អ័របាន បាននិយាយថា ប្រទេសហុងគ្រីបានកំណត់គោលនយោបាយថាមពលរបស់ខ្លួន ហើយការប៉ុនប៉ងណាមួយរបស់ទីក្រុងព្រុចសែល ក្នុងការជ្រៀតជ្រែករឿងនេះ នឹងធ្វើឱ្យប្រជាជនហុងគ្រីមិនពេញចិត្តឡើយ។

ការអះអាងនេះកើតឡើងក្រោយរដ្ឋមន្ត្រីការបរទេសហុងគ្រីលោក ភីតធើ ស៊ីចចាតូ បានធ្វើដំណើរទៅទីក្រុងម៉ូស្គូ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីចរចាទិញឧស្ម័នរុស្ស៊ីបន្ថែម៧០០លានម៉ែត្រគូប។ លោក អ័របាន បន្តថា ការពិតដែលថា ទីក្រុងព្រុចសែលកំពុងអនុវត្តការបែងចែកថាមពលរួចហើយបង្ហាញថា អឺរ៉ុបកំពុងឆ្ពោះទៅរក “សេដ្ឋកិច្ចក្នុងសម័យសង្គ្រាម” លុះត្រាតែសន្តិភាពត្រូវបានឈានដល់នៅអ៊ុយក្រែន។ លោកថា យើងនឹងមិនអាចដោះស្រាយបញ្ហាណាមួយបានដោយគ្មានថាមពលទេ ហើយសហភាពអឺរ៉ុបទាំងមូលនឹងត្រូវរុញចូលទៅក្នុងស្ថានភាពសេដ្ឋកិច្ចនៃសង្គ្រាម។

នាយករដ្ឋមន្ត្រីហុងគ្រីរូបនេះបានកត់សម្គាល់ទៀតថា វិបត្តិថាមពលក៏នឹងនាំឱ្យមានវិបត្តិសេដ្ឋកិច្ច និងអស្ថិរភាពនយោបាយនៅទូទាំងទ្វីបអឺរ៉ុបផងដែរ។ កាលពីដើមសប្តាហ៍នេះ នៅក្នុងការរំពឹងទុកនៃការកាត់ផ្តាច់ការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី រដ្ឋជាសមាជិកសហភាពអឺរ៉ុបបានយល់ព្រមលើវិធានការជាច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័នរបស់ពួកគេចំនួន១៥%ក្នុងរដូវរងារ។

វិធានការស្ម័គ្រចិត្ត រួមទាំងការផ្លាស់ប្តូរទៅប្រើប្រេងឥន្ធនៈជំនួស និងការបែងចែកសម្រាប់អ្នកប្រើប្រាស់ក្នុងគ្រួសារ អាចក្លាយជាកាតព្វកិច្ច ប្រសិនបើសហភាពអឺរ៉ុបប្រកាសស្ថានភាពអាសន្ន។ ហុងគ្រីគឺជាសមាជិកតែម្នាក់គត់ក្នុងចំណោមសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប ដែលប្រឆាំងនឹងផែនការនេះ ដោយប្រកាសថា វា “មិនអាចទៅរួចទេ” បើគ្មានថាមពលរបស់រុស្ស៊ី៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner