មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ម្ចាស់ភោជនីយដ្ឋាន៤២ បានស្ម័គ្រចិត្តចូលរួមបញ្ឈប់ការដាក់អន្ទាក់សូន្យ តាមរយៈការប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ

មណ្ឌលគិរី៖ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រហូតមកទល់និងពេលនេះ មានភោជនីយដ្ឋានចំនួន៤២ ទីតាំងក្នុងខេត្ត៣ ខេត្តមណ្ឌលគិរី ចំនួន៣២ ខេត្តព្រះវិហារ ចំនួន៥ និងខេត្តក្រចេះចំនួន៥ បានប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃគ្រប់ប្រភេទជូន ដល់ភ្ញៀវរបស់ខ្លួនឡើយ។

ឯកឧត្តម បន្ថេមថា នេះគឺជាផ្នែកមួយនៃលទ្ធផលដែលកើតចេញពីការផ្សព្វផ្សាយអប់រំ និងយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិដែលផ្តួចផ្តើមគំនិតនិងដឹកនាំរៀបចំដោយក្រសួងបរិស្ថាន និងមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីអង្គការអន្តរជាតិនានាដែលធ្វើកិច្ចការអភិរក្សធនធានធម្មជាតិនៅកម្ពុជា។

នេះគឺជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការអន្ទាក់សូន្យនៅខេត្តមណ្ឌលគីរី ដោយមានការចូលរួមពីអភិបាលរងខេត្ត អង្គការដៃគូពាក់ព័ន្ធ មន្រ្តីកងកម្លាំងទាំង៣ប្រភេទរបស់ខេត្ត មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើនរូប។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងបន្តថា នេះជាភាពជោគជ័យមួយនៃយុទ្ធនាការអន្ទាក់សូន្យ ដែលបានធ្វើឱ្យ ម្ចាស់ភោជនីយដ្ឋានតាំងចិត្ត និងចូលរួមជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចទប់ស្កាត់ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់។

ឯកឧត្តម បានបន្ថែមផងដែរថា នេះគឺជាមោទកភាពនៃក្រុមការងារយុទ្ធនាការអន្ទាក់សូន្យដែលមានក្រសួងបរិស្ថានជាអ្នកដឹកនាំមានការចូលរួមពីរដ្ឋបាលខេត្តក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់នៅតំបន់ទេសភាពខ្ពង់រាបខាងកើតរួមមានខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ កំពង់ធំ រតនគិរី និងមណ្ឌលគិរី និងអង្គការអន្តរជាតិដៃគូទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការមូលនិធិសកល សម្រាប់អភិរក្សធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការជីវិតសត្វស្លាបកម្ពុជា (BirdLife) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងអង្គការអភិរក្សអន្តរជាតិ CI។
ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងខេត្តមណ្ឌលគិរីដែលកំពុងទទួលរៀបចំចម្អិនម្ហូបអាហារសម្រាប់ភ្ញៀវ ទេសចរ ចូលមកកម្សាន្ត និងការស្នាក់នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បានប្តេជ្ញាចិត្តអំពីសកម្មភាពជួញដូរសត្វព្រៃ និងការបរិភោគសាច់ព្រៃគ្រប់ប្រភេទដូចតទៅ៖ «១.ហាង ឬភោជនីយដ្ឋាន របស់យើងខ្ញុំ គឺពុំមានការទទួលរៀបចំចម្អិន ឬលក់ ឬស្តុកសាច់សត្វព្រៃសម្រាប់អ្នកទេសចរ ឬបុគ្គលណាម្នាក់ឡើយ, ២.ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងអាហារដ្ឋានរបស់យើងខ្ញុំ គឺនឹងធ្វើការរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើបានដឹង ឬបានឃើញអំពីសកម្មភាពជួញដូរសត្វព្រៃ ពីព្រោះនេះជាសកម្មភាពល្មើសច្បាប់, ៣.ភោជនីយដ្ឋានរបស់យើងខ្ញុំ ទទួលរៀបចំជូនភ្ញៀវទេសចរ តែមុខម្ហូបដែលចម្អិនពីសាច់មាន់ សាច់គោ សាច់ ជ្រូក ស៊ុត និងប្រភពសាច់ស្រុក ដែលរួមបញ្ចូលនូវបន្លែស្រស់គ្មានជាតិគីមី និងមានអនាម័យ សម្រាប់ភ្ញៀវបរិភោគ ប៉ុណ្ណោះ, ៤.យើងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការអភិរក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមជួយគិតគូរដល់ប្រភពសត្វព្រៃ និងធនធានធម្មជាតិ ជាពិសេសក៏សូមដាស់ តឿនដល់បណ្តាភោ ជនីយដ្ឋាន និងរមណីយដ្ឋាន ព្រមទាំងភ្ញៀវទេសចរទាំងអស់ សូមបញ្ឈប់ និងកុំទទួលទានសាច់ សត្វព ហើយងាកមកទទួលទានតែប្រភពសាច់ក្នុងស្រុក ដើម្បីជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ យើង និងរួមចំណែកការពារ និងអភិរក្សពូជសត្វព្រៃសំខាន់ៗដែលមាននៅសល់បច្ចុប្បន្ន»។

នៅក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្តែងនូវមោទកភាព និងអបអរសាទរចំពោះម្ចាស់ភោជនីយដ្ឋានទាំងអស់ដែលបានស្ម័គ្រចិត្តប្រកាស មិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃដោយឯកឧត្តមបានគូសបញ្ជាក់ថា«ជាការចូលរួមប្រកបដោយគុណតម្លៃនិងប្រសិទ្ធភាពខ្ពស់បំផុតព្រោះភោជនីយដ្ឋានជាកន្លែងចែកចាយនិងបង្កើតការជួញដូរសត្វព្រៃយ៉ាងសំខាន់ ហើយបើមានការលក់ដូរមុខម្ហូបធ្វើពីសាច់សត្វព្រៃវាជាផ្នែកនៃការលើកទឹកចិត្តឱ្យមានការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ»។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាននៅក្នុងខេត្តផ្សេងទៀតដែលមានតំបន់ការពារធម្មជាតិចូលរួមឱ្យបានច្រើនបន្ថែមទៀតដើម្បីប្រសិទ្ធភាពនៃការការពារនិងអភិរក្សសត្វព្រៃផងដែរ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner