សម្តេចតេជោ ហ៊ុន សែន នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសំខាន់ៗមួយចំនួន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ សម្តេចនាយករដ្ឋមន្ត្រី នឹងទទួលការចូលជួបសម្តែងការគួរសមរួមគ្នាដោយរដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន និងជួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសសំខាន់ៗ មួយចំនួន។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

តាមកម្មវិធីដែលបានគ្រោងទុក បន្ទាប់ពីបើកផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសំខាន់ៗមួយចំនួននៅវិមានសន្តិភាព មានដូចជា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ លោកទាវ Penny Wong រដ្ឋមន្ត្រីការបរទេស នៃប្រទេសអូស្ត្រាលី។ ឯកឧត្តម ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងឯកឧត្តម Josep BortellFontelles តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចកាបរទេស សន្តិសុខ នយោបាយ អនុប្រធានគណៈកម្មការអឺរ៉ុប។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើក ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖

  • កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
  • ជំនួបរវាងរដ្ឋមន្រ្តីការបរទេស អាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស
  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥
  • សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន
  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានបូកបី លើកទី២៣
  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២
  • កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩

ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់។ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ នឹងមានកិច្ចប្រជុំត្រីភាគីចំនួនបីដាច់ដោយឡែកពីគ្នា រវាងកម្ពុជានិងលេខាធិការដ្ឋានអាស៊ាន ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួនបី រួមមាន ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វីស។

ក្រៅពីប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងប្រទេសទាំងប្រាំមួយ ដែលចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ខាងលើ ប្រទេសចំនួនបួនផ្សេងទៀត នឹងត្រូវបានអញ្ជើញជាភ្ញៀវនៃប្រធានអាស៊ានឆ្នាំ២០២២ រួមមាន ប្រទេសប៉ាពួញូវហ្គីណេ ម៉ារ៉ុក ទីម័រខាងកើត និងអាស៊ែបៃហ្សង់។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ AMM លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រំពឹងថានឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយនឹងសមភាគីបរទេសរបស់ឯកឧត្ដម៕
ដោយ៖ពលជ័យ

ads banner