សហព័ន្ធបាញ់កាំភ្លើងបន្តការប្តេជ្ញាចិត្តខ្ពស់ ដើម្បីពង្រឹងការអភិវឌ្ឍទទួលបានឱកាសរៀបចំស៊ីហ្គេម ឆ្នាំ២០២៣

ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានជំរុញឲ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធបន្តការប្តេជ្ញាចិត្តឲ្យបានខ្ពស់ ដើម្បីពង្រឹងការអភិវឌ្ឍវិស័យកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសគឺដើម្បីទទួលបានឱកាសរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ស្របពេលដែលប្រភេទកីឡាបាញ់កាំភ្លើង ស្ថិតក្នុងបញ្ជីបម្រុងនៅឡើយ។

នេះបើតាមការបញ្ជាក់នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិទី៣ សម្រាប់ឆ្នាំ២០២២-២០២៦ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីចុងសប្តាហ៍នេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានលើកបង្ហាញយុទ្ធសាស្ដ្រចម្បងៗមួយចំនួន ដែលសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធត្រូវរួមគ្នាគ្នាសម្រេចឲ្យបាននូគោលដៅ ដើម្បីស្វែងរកឱកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ ប្រភេទកីឡាបាញ់កាំភ្លើង ស្ថិតក្នុងបញ្ជីកីឡាបម្រុងនៅឡើយ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានអនុម័តនូវកីឡា ៣៩ប្រភេទ សម្រាប់ស៊ីហ្គេមនៅកម្ពុជា កាលពីអំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២មកនេះ។

ឯកឧត្តមប្រធានសហព័ន្ធសង្កត់ធ្ងន់ថា ក្នុងអាណត្តិថ្មីនេះ គណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធត្រូវធ្វើកិច្ចការជាច្រើន ដោយត្រូវលះបង់ពេលវេលា ធនធាន ឆន្ទៈ និងស្មារតី ក្នុងគោលដៅជំរុញឲ្យការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកធំធាត់បន្ថែមទៀត។ ជាមួយគ្នានោះ ឯកឧត្តមក៏បានលើកបង្ហាញផែនការយុទ្ធសាស្ដ្រចម្បងៗ ដើម្បីសម្រេចឲ្យខានតែបាន មុនពេល ការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ចូលមកដល់ ដូចជា ត្រូវសម្រេចឲ្យបាននូវការរៀបចំទីតាំង ឬទីលានប្រកួតសម្រាប់ឆ្នាំ២០២៣។ រៀបចំក្រុមមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម សម្រាប់ឆ្នាំ២០២៣ និងធានាឲ្យបាននូវការដណ្ដើមមេដាយ ពោលគឺមិនមែនរៀបចំស៊ីហ្គេម ហើយឲ្យមេដាយគេនោះទេ។

ឯកឧត្តម មៀច សុផាន់ណា បានជំរុញឲ្យសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធត្រូវពួតដៃគ្នាដោះស្រាយ និងស្វែងរកគ្រប់មធ្យោបាយនានា ដើម្បីបង្ហាញដល់គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការស្វែងរកការគាំទ្រ និងផ្ដល់លទ្ធភាពដល់កីឡាបាញ់កាំភ្លើង នៃគោលដៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា តាមរយៈការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្ដិថ្មីនេះ គឺមានចំនួន ១៩រូប ដោយឯកឧត្តម មៀច សុផាន់ណា ទទួលបានការគាំទ្របន្ដធ្វើជាប្រធាន អមដោយអនុប្រធាន ៦រូប គឺមានឯកឧត្តម ចាប ភក្ដី, ឯកឧត្តម វ៉ាត់ ចំរើន, ឯកឧត្តម សោម ចន្ទឌីណា, ឯកឧត្តម តាន់ សុខវិជ្ជា, ឯកឧត្តម ទៀ ណារ៉ាវុធ និងលោក ស៊ី មិញចាវ ខណៈលោក កែវ ហុកលី ជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង៦រូប។ ចំពោះលោក ខៃ វណ្ណៈ ត្រូវបានគាំទ្រធ្វើជាអគ្គហិរញ្ញឹក រួមជាមួយអគ្គហិរញ្ញឹករង ២រូប និងសមាជិក ២រូបទៀត៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner