រថយន្តមួយគ្រឿង បើកបុកម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ ៖ បុរសម្នាក់ ជានិស្សិតសាលាភាសាកូរ៉េ ត្រូវបានរថយន្តដឹកប្រេងក្រុមហ៊ុន SOKIMEX មួយគ្រឿង បើកស្របគ្នា បុកពីក្រោយផ្ទប់ខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់មកអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់តែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តយផ្លូវមហាវិថី ឈ្នះឈ្នះ មុខសាលាពហុបច្ចេកទេសកម្ពុជា ហៅសាលាកូរ៉េ នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះ ឈ្មោះនុត វុឌ្ឍី អាយុ ៣០ឆ្នាំ ជានិស្សិតសាលាពហុបច្ចេកទេសកម្ពុជា ហៅសាលាកូរ៉េ មានទីលំនៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបរម៉ូតូធំមួយគ្រឿង ម៉ាកYAMAHA ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IF-6047 បានធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថី ឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូងទៅរៀន ខណៈពេលមកដល់ត្រង់ចំណុចកលតហេតុខាងលើ ក៏មានរថយន្តដឹកប្រេងក្រុមហ៊ុនសូគីម៉ិច (SOKIMEX) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B-1069 បើកបរដោយបុរសពុំស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើតាមបណ្តោយផ្លូវមហាវិថី ឈ្នះឈ្នះ ក្នុងទិសដៅស្របគ្នា បុកពីក្រោយផ្ទប់ខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបុរសជាម្ចាស់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់មកអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍សំរោងក្រោម ក៏បានចុះទៅជួយសម្រួលចរាចរណ៍ មិនឱ្យមានការកកស្ទះ ព្រមទាំងរាយការណ៍បន្តទៅកាន់សមត្ថកិច្ចចរាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែង នាំយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុក ដើម្បីរង់ចាំការធ្វើការដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ។ ចំណែកឯ សពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចរាល់ ក៏បានប្រគល់សាកសពជូនឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner