សម្តេចចក្រី ហេង សំរិន អនុញ្ញាតឱ្យប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជូបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ។

ក្នុងសវនាការលោកជំទាវ ង្វៀន ធីថាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធានរដ្ឋសភា បានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកទទួលជួបគណៈប្រតិភូ របស់លោកជំទាវនាឱកាសនេះ ប្រកបដោយការទទួលបដិសណ្ឋាការកិច្ចយ៉ាងកក់ក្តៅជាទីបំផុត។

លោកជំទាវប្រធានគណៈប្រតិ ចូលរួមអបអរសារទរចំពោះការអភិវឌ្ឍឥតឈររបស់កម្ពុជាលើគ្រប់វិស័យ ទោះបីនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩យ៉ាងណាក្តី។

ឆ្លៀតឱកាសនោះ លោកជំទាវ ង្វៀន ធីថាញ់ បានជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពីការវិវិឌ្ឍថ្មីៗនៅក្នុងប្រទេសវៀតណាម ក៏ដូចជាកិច្ចការរបស់រដ្ឋសភាវៀតណាម ដែលបានអនុវត្តនាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការរវាង សមាគមមិត្តភាព នៃប្រទេសទំាងពីរ វៀតណាម-កម្ពុជាផងដែរ។

លោកជំទាវបានបញ្ជាក់ថា វៀតណាមមិនខុសពីកម្ពុជានិងបណ្តាប្រទេសនានាទូទំាងពិភពលោកនោះទេ បានទទួលរងនូវការរាតត្បាតពីជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាបក្ស រដ្ឋ និងប្រជាជនវៀតណាម បានខិតខំប្រយុទ្ធប្រឆំាងជំងឺនេះនៅក្នុងការស្តារសេដ្ឋកិច្ចនិងសង្គមវៀតណាមឡើងវិញ ដែលជាលទ្ធផលនៅឆ្នាំ២០២១ ស្ថានភាពGDP របស់វៀតណាមមានកំណើតចំនួន៣% ហើយនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ កើនបាន៧%។

សម្តេចចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវ នាពេលនេះ ស្របពេលដែលអង្គភាព និងស្ថាប័នផេ្សងៗនៃប្រទេសទាំងពីរ បាននិងកំពុងធ្វើកម្មវិធីផ្សេងៗ ក្នុងការអបអរសាទរខួបទី៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។

សម្តេចបានគូសបញ្ជាក់ថា សមាគមមិត្តភាពវៀតណាម-កម្ពុជា ជាតួអង្គដ៏មានសារៈសំខាន់មួយ នៃការរួមចំ ណែកផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរអោយកាន់តែរឹងមាំ និងស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស។ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកម្មុយនីស្តវៀតណាម ប្រជាជនវៀតណាម នឹងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសជាតិ កាន់តែរុងរឿងថែមទៀត ហើយកិត្យានុភាព ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ នៅលើឆាកអន្តរជាតិ។

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកសកម្មភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យសំខាន់ៗ ក្រៅពីសង្គម និងមនុស្សធម៌ រួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងវិទ្យាសាស្ត្រជាដើម៕
ដោយ លោក ថេត វិចិត្រ+ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner