កូនត្រីពូជចំនួន ១ម៉ឺនកូន ត្រូវបាន មីជាតិ លែងចូលក្នុងបឹងធម្មជាតិមួយកន្លែងនៅខេត្តបាត់ដំបង ដើម្បីអបអរសាទរទិវាមច្ឆាជាតិឆ្នាំ២០២២

បាត់ដំបង៖ ដើម្បីបំផុសចលនាដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមថែរក្សាពូជត្រីឱ្យមាននៅក្នុងទឹក និងបង្កើនផលត្រីក្នុងធម្មជាតិផងនោះ នាពេលថ្មីៗនេះ មីជាតិ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលស្រុកគាស់ក្រឡ រៀបចំពិធីអបអរសាទរទិវាមច្ឆាជាតិឆ្នាំ២០២២ នៅបឹងជម្រកត្រីសហគមន៍ សម្តេចក្រឡាហោម ភូមិបឹងព្រះ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ មីជាតិ ផ្តល់មច្ឆជាតិរក្សា និរន្តរភាពធម្មជាតិនាពេលនេះគឺធ្វើឡើងក្នុងអត្ថន័យនៃការអបអរសាទរទិវាមច្ឆជាតិ និងជាមួយវត្ថុបំណងដើម្បីបំផុសស្មារតីចូលរួមក្នុងការអភិវឌ្ឍ និងអភិរក្ស ថែរក្សាពូជត្រី ក៏ដូចជាវារីជាតិផ្សេងៗទៀតឲ្យបានគង់វង្សធានានិរន្តរភាពធនធានជលផល និងដើម្បីបំពេញបន្ថែមឱ្យបឹងជម្រកត្រីសហគមន៍ សម្បូរមច្ឆជាតិសម្រាប់ជាប្រភពមេពូជនាថ្ងៃអនាគត និងបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់។

បន្ថែមលើនេះ លោកប្រធានជាន់ខ្ពស់ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា ការពារធនធានមច្ឆជាតិ ដោយមិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលធ្វើឲ្យបាត់បង់ពូជត្រី និងលើកទឹកចិត្តឱ្យមានការបង្កើតជាសហគមន៍ស្រះជម្រកត្រី ដើម្បីចូលរួមថែរក្សា អភិរក្សពូជត្រី សម្រាប់ផ្គត់ផ្គង់បំពេញតម្រូវការ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

នាឱកាសនោះដែរ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានថ្លែងថា ដើម្បីចូលរួមរក្សាឱ្យបាននូវធនធានមច្ឆជាតិកាន់តែសំបូរបែបថែមទៀត ក៏សូមមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមសហការគ្នាខិតខំស្តារទំនប់បឹងបន្ថែមទៀតឲ្យបានច្រើន និងគ្រប់ទីកន្លែង ជាពិសេស ត្រូវបន្តស្វែងរកវិស័យឯកជន ក៏ដូចជាដៃគូអភិវឌ្ឍនានា ក្នុងការចូលរួមលែងពូជត្រីឲ្យបានញឹកញាប់នៅតាមបឹងធម្មជាតិ តួយ៉ាងដូចកិច្ចការដែលយើងកំពុងធ្វើជាមួយ ក្រុមហ៊ុន មីជាតិស្រាប់នាពេលនេះ។

ម្យ៉ាងទៀត លោកក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានខិតខំរក្សាផ្ទៃបឹងនេះ និងរបងដែលក្រុមហ៊ុនទើបផ្តល់ជូន ចៀសវាងការរំលោភបំពានកាន់កាប់ពីប្រជាពលរដ្ឋនៅជុំវិញបរិវេណបឹង ព្រោះបឹងទាំងនេះជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលបម្រើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋជារួម។

ជាមួយគ្នានេះ លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានសម្តែងការកោតសសើរនូវទឹកចិត្ត និងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនមីជាតិ ដែលលះបង់ធនធានពីប្រាក់ចំណេញរបស់ខ្លួន ក្នុងការលែងកូនត្រីពូជ និងធ្វើរបងខាងមុខបឹង ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិឆ្នាំ២០២២។

លោកបន្តថា ការចូលរួមរបស់មីជាតិនេះ ជាឆន្ទៈដ៏វិសេសវិសាល ដែលក្រុមហ៊ុនឯកជន ចូលរួមគាំទ្រដោយផ្ទាល់ តាមរយៈការបង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសហគមន៍។

សូមជម្រាបថា ជាមួយគម្រោង “មីជាតិ ផ្តល់មច្ឆជាតិ រក្សានិរន្តរភាពធម្មជាតិ” ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិឆ្នាំ២០២២ ក្រុមហ៊ុនមីជាតិបាននាំមកនូវត្រីឆ្ពិន, ត្រីទីឡាព្យា, ត្រីប្រា, ត្រីរ៉ស់ និងអន្ទង់ចំនួន ១០,០០០ក្បាលមកលែងក្នុងបឹងជម្រកត្រីសហគមន៍ សម្តេចក្រឡាហោម និងបន្ថែមពីនេះ ដោយមើលឃើញពីតម្រូវការចាំបាច់របស់សហគមន៍ មីជាតិ បានបំពេញបន្ថែមនូវសំណើរក្នុងការឧបត្ថម្ភរបងខាងមុខបឹង ដើម្បីរក្សាការពារពីការទន្ទ្រានរបស់សត្វពាហនៈផងដែរ៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner