លោក បៃដិន ថា សហរដ្ឋអាមេរិកប្តេជ្ញាឆ្ពោះទៅរកគោលដៅចុងក្រោយ នៃពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ថា ប្រទេសរបស់លោកបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការឆ្ពោះទៅរកគោលដៅចុងក្រោយ នៃពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។

លោក ចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍បែបនេះក្នុងថ្ងៃចន្ទម្សិលមិញ មុនកិច្ចប្រជុំត្រួតពិនិត្យសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ។ លោក បៃដិន បានបញ្ជាក់ដូច្នេះថា រដ្ឋបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគូសបញ្ជាក់កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរថ្មីជាមួយរុស្ស៊ីនៅពេលដែលសន្ធិសញ្ញា New START ផុតកំណត់នៅឆ្នាំ ២០២៦។

ទន្ទឹមគ្នា លោក បៃដិន បានអំពាវនាវឱ្យរុស្ស៊ីបង្ហាញពីចេតនារបស់ខ្លួន សម្រាប់ការចរចា ដោយស្មោះត្រង់។ បន្ថែមលើនេះ លោក បៃដិន ក៏បានអំពាវនាវដល់ប្រទេសចិនឱ្យចូលរួមក្នុងកិច្ចពិភាក្សាដែលនឹងកាត់បន្ថយហានិភ័យ នៃការគណនាខុស និងការដោះស្រាយដែលធ្វើឱ្យមានអស្ថិរភាពផ្នែកយោធាផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលក្នុងនោះពួកគេបានអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់នូវវោហាសាស្ត្រ និងអាកប្បកិរិយាគំរាមវាយប្រហារនុយក្លេអ៊ែរដែលគ្មានការទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់របស់ខ្លួន។

ប្រទេសទាំងបីក៏បានលើកឡើងពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ ដោយពួកគេបាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner