កម្ពុជាឈ្នះមេដាយមាសលើសគោលដៅកំណត់ នៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១ និងបំបែកកំណត់ត្រាការចូលរួម៩លើកកន្លងទៅ

សូឡូ៖ អត្តពលិកជនពិការកម្ពុជា បានសម្រេចគោលដៅមេដាយមាស លើសពីការរំពឹងទុក ពីព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ទាំងប្រកួតមិនទាន់ចប់ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម អាស៊ានប៉ារ៉ាហ្គេម ។

ឯកឧត្តម យី វាសនា ធ្លាប់បានលើកឡើងដោយជឿជាក់ថា អត្តពលិកជនពិការ នឹងដណ្តើមបានមេដាយមាស៣គ្រឿង មេដាយប្រាក់១០គ្រឿង និងសំរឹទ្ធ១៥គ្រឿងឬអាចលើសក៏ថាបាន ពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២។ ឯកឧត្តម អគ្គលេខាធិការ បញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ក្រុមអត្តពលិកជនពិការកម្ពុជាឈ្នះបានមេដាយមាស៥គ្រឿង មេដាយប្រាក់៧ និងមេដាយសំរឹទ្ធ៦គ្រឿង ។ ដូច្នេះមានន័យថា កម្ពុជាសម្រេចគោលដៅមេដាយលើសពីការរំពឹងទុក ខណៈការប្រកួតនៅវិញ្ញាសាមានសក្តានុពលជាច្រើនទៀត ។ នាយបេសកកម្ម អាស៊ានប៉ារ៉ាហ្គេមរូបនេះ បន្តថា លទ្ធផលនេះ គឺជាកម្លាំងជម្រុញលើកទឹកចិត្ត ដល់អត្តពលិកជនពិការអោយខិតខំហ្វឹកហាត់កាន់តែខ្លាំង ដើម្បីត្រៀមអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា អោយទទួលបានជោគជ័យ ។

គួររម្លឹកថា ចំនួនមេដាយដែលដណ្តើមបានត្រឹមថ្ងៃទី៣នេះ រហូត១៨គ្រឿង មាស៥ ប្រាក់៧ និងសំរឹទ្ធ៦ បានបំបែកកំណត់ត្រាការចូលរួមអាស៊ានប៉ារ៉ាហ្គេម៩លើកកន្លងទៅ ប្រៀបធៀបនឹងកាលឆ្នាំ២០០១ បាន៣គ្រឿង, ឆ្នាំ២០០៣ បាន៩គ្រឿង, ឆ្នាំ២០០៥ បាន៥គ្រឿង, ឆ្នាំ២០០៧ បាន១គ្រឿង, ឆ្នាំ២០០៩ បាន៧គ្រឿង, ឆ្នាំ២០១១ បាន៧គ្រឿង, ឆ្នាំ២០១៣ បាន៩គ្រឿង, ឆ្នាំ២០១៥ បាន ៩គ្រឿង និងឆ្នាំ២០១៧ បាន១០គ្រឿង ។

សូមបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនកីឡា១១ប្រភេទចូលរួមប្រកួត គឺកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៥ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុកអន្តរជាតិ និងប៊ូស្យា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner