សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងក្របខណ្ឌអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ។

នៅក្នុងជំនួបដែលមានរយៈពេលជាងពីរម៉ោងនេះ គឺបានពិភាក្សា លើរបៀបវារៈសំខាន់ៗមួយចំនួន។ទី១. ពាក់ព័ន្ធនឹងទំនាក់ទំនង និងកិច្ច ពិភាក្សាទ្វេភាគី កម្ពុជា-ចិន , ទី២. ការផ្លាស់ប្ដូរការងារក្រៅ ពីកម្ពុជា និងចិន គឺមានការងារអាស៊ាន-ចិន និងការផ្លាស់ប្ដូរមតិ យោបល់ លើបញ្ហាអន្តរជាតិ។

សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចពិតជារីករាយដែលបានជួប ឯកឧត្ដមជាថ្មីម្ដងទៀតក្នុងពេលវេលានេះ ដ្បិតកន្លងមកនេះ មិន បានជួបគ្នាផ្ទាល់ដោយសារកូវីដ១៩។ ដូច្នេះហើយការជួប គ្នានៅ ពេលនេះ គឺជាការជួបមុខគ្នាដោយផ្ទាល់។

សម្ដេចបានបញ្ជាក់ផងដែរថា ទស្សនកិច្ចនេះឯកឧត្តមវ៉ាង យី ក៏បាន ចូលគាល់ ព្រះករុណាព្រះមហាក្សត្រផងដែរ ហើយក៏បាន ជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។

សម្តេចបានបន្តថា ទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន គឺបានចាក់គ្រឹះ យ៉ាង មាំ ហើយក៏មានទំនាក់ទំនងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ លើវិស័យ ជាច្រើន។

ចំណែកឯកឧត្តម វ៉ាង យី បានថ្លែងអំណរគុណសម្តេចតេជោ ដែលបាន អនុញ្ញាតឲ្យឯកឧត្តមបានទទួលជួបពិភាក្សាការងារនៅពេលនេះ។ ឯកឧត្តម ក៏បាននាំនូវការជូនពរ និងសួរសុខទុក្ខពីឯកឧត្តម ប្រធានា ធិបតី ស៊ី ជីនពីង ក៏ដូចជាឯកឧត្តម នាយករដ្ឋមន្ត្រី លី ខឺឈាង និង ថ្នាក់ដឹកនាំចិនផ្សេងទៀត។ ឯកឧត្តមក៏បានជូនពរខួបកំណើត របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី៥ ខាងមុខ ។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីអ្វីដែលសំខាន់ គឺ សម្ដេចបានប្រើប្រាស់ជីវិតរបស់សម្ដេច ក្នុងការកសាងប្រទេស កម្ពុជា ឲ្យមានការអភិវឌ្ឍក៏ដូចជាការស្ដារជីវិតក្នុងការរស់នៅរបស់ប្រជាជន ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាការលើក កម្ពស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

ឯកឧត្តមក៏បានបញ្ជាក់ថា ឯកឧត្តម នៅតែបញ្ជាក់ពីជំហរ របស់ ប្រទេសចិនក៏ដូចជារដ្ឋាភិបាលចិន ចំពោះប្រទេសកម្ពុជា ជា ពិសេស ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងចំពោះសម្តេចតេជោ នាយក រដ្ឋមន្ត្រី ដោយចិននឹងបន្តគាំទ្រដល់នយោបាយផ្ទៃក្នុងប្រទេសកម្ពុជា ក៏ដូចជា នយោបាយការបរទេសផងដែរ ដែលនឹងឆ្លើយតបទៅនឹងតម្រូវ ការ របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស គឺអបអរសាទរចំពោះការ ឈ្នះ ឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ដែលមានការគាំទ្រពីប្រជាពលរដ្ឋ។ ចិន គាំទ្រយ៉ាងរឹងមាំចំពោះចក្ខុវិស័យដ៏យូរអង្វែង ជាពិសេស ការដឹកនាំ របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាគណបក្សប្រជាជន និង ប្រទេសកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ក៏ដូចជាភាព ឯករាជ្ យរបស់ប្រទេសកម្ពុជាផងដែរ។

ទី៣ ចិននឹងបន្តគាំទ្រយ៉ាងរឹងមាំនៅថ្ងៃអនាគត ចំពោះការដឹកនាំ ជាពិសេសការបន្តវេននៃការដឹកនាំ ក៏ដូចជាកូនសោដ៏សំខាន់សម្រាប់ ការថែទាំសន្តិភាពរបស់កម្ពុជាផង ក៏ដូចជាសម្រាប់មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិនផងដែរ។ជាពិសេសទៀត ដោយសារ ប្រទេសទាំងពីរមានការកសាងសហគមន៍ និងជោគវាសនា នៅថ្ងៃអនាគតជាមួយគ្នា ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ននេះ យើងមានទំនាក់ទំនង ជិតស្និទ្ធក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ហើយជា ពិសេស ទៀត ទោះបីនៅក្នុងស្ថានភាពដែលមាន លក្ខណៈមិនប្រាកដ ប្រជា ហើយការវិវត្តសភាពការណ៍ក្នុងតំបន់ និងពិភពលោក មាន លក្ខណៈមិនច្បាស់លាស់នេះ ហើយជាពិសេសដោយសារកម្ពុជា និង ចិន មានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណ ដល់ ឯកឧត្តម វ៉ាង យី ដែលបានជូនពរដល់សម្ដេចក្នុងថ្ងៃខួបកំណើត ហើយ ក៏អរគុណចំពោះការផ្ញើនូវសារជូនពរពីឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដូចជាឯកឧត្តម នាយករដ្ឋមន្ត្រីចិនផងដែរ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីអ្វីដែលជាការគាំទ្រពីប្រទេសចិនដល់ប្រទេសកម្ពុជា ចំពោះនយោបាយក្នុងប្រទេស ក៏ដូចជានយោបាយការ បរទេស របស់កម្ពុជា។

សម្ដេចតេជោក៏បានគូសបញ្ជាក់ពីទំនាក់ទំនងដែលមាននៅពេលនេះរវាងកម្ពុជានិងចិន ។សម្ដេចបានបញ្ជាក់ថា សម្រាប់កម្ពុជាយើង បាន នឹងបន្តរៀបចំ ហើយធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគីនេះ មិនមាន ការប្រែប្រួល ដោយយើងមានអ្នកបន្តវេន ជាពិសេសនៅក្នុងការងារ ទៅមុខទៀតនេះ ។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់យើងដែលនឹងបន្តនូវគ្រប់វិស័យទាំងអស់ដែលមានស្រាប់រវាងប្រទេសទាំងពីរ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗ ទៀតដែលយើងមាននាពេលបច្ចុប្បន្ននេះ។

សម្ដេចក៏បានអបអរនូវលទ្ធផលនៃការប្រជុំរបស់គណៈកម្មការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរដែលទទួលបានលទ្ធផលដ៏ល្អ ជាពិសេស ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ។

សម្ដេចក៏បានអរគុណភាគីចិន ចំពោះការចូលរួមវិភាគទាន ក្នុងវិស័យ ដោះមីនក្នុងប្រទេសកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ ធ្វើយ៉ាងណា ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយដែលគ្មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជានយោបាយរបស់សម្ដេចតេជោ ធ្វើ យ៉ាង ណាឲ្យមានសន្តិភាពពេញលេញ និងមានការគាំទ្រពីប្រជាពលរដ្ឋ កម្ពុជាផង ដៃគូរអភិវឌ្ឍផង មិនត្រឹមតែប៉ុណ្ណោះទេ ក៏មានការចូលរួម គាំទ្រយ៉ាងខ្លាំងផងដែរពីព្រះមហាក្សត្រនាពេលកន្លងទៅនេះ ។

ទន្ទឹមនឹងនេះដែរ សម្ដេចក៏ស្នើឲ្យប្រទេសចិនគាំទ្រ ឱ្យបានច្រើន ថែមទៀត ដោយសារកម្ពុជាបានកំណត់គោលដៅច្បាស់លាស់។ ជាពិសេសទៅទៀត គឺការគាំទ្រទៅដល់គោលដៅអភិវឌ្ឍន៍ ដោយ ចីរភាព ដែលកម្ពុជាកំពុងជំរុញធ្វើយ៉ាងណា ឲ្យកម្ពុជាបានទទួល ជោគជ័យនៅពេលខាងមុខនេះ។

សម្ដេចក៏បានគូសបញ្ជាក់ដែរថា កម្ពុជាពិតជាបានទទួលនូវ អត្ថប្រយោជន៍ជាច្រើនជាពិសេសការទទួលបានការវិនិយោគពីប្រទេសចិនក៏ដូចជាការគាំទ្រពីជំនួយរបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រទេសកម្ពុជាទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ក្រៅពីនេះ សម្ដេចក៏បានអរគុណប្រទេសចិនដែលបានជួយដល់ ប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងជាមួយ ជំងឺកូវីដ19 ដែលកន្លងមកនេះ ធ្វើឲ្យកម្ពុជា បានប្រយុទ្ធប្រឆាំងបាន ជោគជ័យ ដោយសារមានការគាំទ្រការផ្ដល់នូវវ៉ាក់សាំងយ៉ាងសន្ធឹក សន្ធាប់ពីប្រទេសចិន ហើយវ៉ាក់សាំងចិន ក៏ជាបង្អែកមួយដ៏រឹងមាំ ដែលធ្វើឱ្យកម្ពុជា អាចប្រយុទ្ធប្រឆាំងជំងឺនេះទទួលបាន នូវលំដាប់ ថ្នាក់ទី១ ដែលមានការចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេ។

សម្ដេចថា ទោះបីយើងបានជោគជ័យហើយក៏ពិតមែន តែការប្រយុទ្ធ ប្រឆាំង ជាមួយជំងឺកូវីដ19 នៅតែជាការងារអាទិភាពរបស់ប្រទេសកម្ពុជា ជាពិសេស ការបន្តធ្វើការលើវិស័យសុខភាពសាធារណៈ ដែលនៅតែ ជាវិស័យអាទិភាព ជាពិសេស ការបន្តធ្វើយ៉ាងណាឲ្យកម្ពុជា មាន លទ្ធភាពផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ ដោយមានការជួយការជ្រោមជ្រែងពីប្រទេសចិន ក្នុងការផលិត វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា ដោយសារការចាក់វ៉ាក់សាំង បានច្រើនបំផុតនេះ ធ្វើឲ្យកម្ពុជា អាចបើកពេញលេញឡើងវិញ ហើយអាចឲ្យកម្ពុជាមានឱកាសក្នុងការស្ដារសេដ្ឋកិច្ចរបស់ខ្លួន។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរអំពីការស្ដារសេដ្ឋកិច្ច ហើយនឹង ការ បើកសេដ្ឋកិច្ចឡើងវិញធ្វើឲ្យកម្ពុជា មានលទ្ធភាពក្នុងការនាំ ចេញកាន់ តែច្រើន ហើយអាចបង្កើនចំណូលរបស់ខ្លួន កាន់តែច្រើន ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកវ៉ាក់សាំង គឺជាដង្ហើមនៃសេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចក៏បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រទៅមុខទៀតថា នៅឆ្នាំ ២០២៤- ២០២៥- ២០២៦ ខាងមុខនេះ សម្តេចតេជោ ក៏បានត្រៀម ឱ្យទិញវ៉ាក់សាំងទុកប្រមាណចំនួន ១០០លានដូសបន្ថែមទៀត ក្នុងការត្រៀមការចាក់វ៉ាក់សាំងការពារពេលខាងមុខ ដែលជាតម្រូវការ ធ្វើយ៉ាងម៉េចឲ្យកម្ពុជា បានឆ្លងផុតពីជំងឺកូវីដ១៩ នាពេលខាងមុខ នេះ។

សម្ដេចក៏បានបញ្ជាក់ដែរថា អ្វីដែលកម្ពុជា ចង់ឃើញថ្វីដ្បិតមក ដល់ ពេលឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឡើងដល់ ជាង ១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២ ទើបតែមក ដល់រយៈ ពេលប្រាំពីរខែនេះ ទំហំពាណិជ្ជកម្មរបស់យើង ឡើងដល់ជាងប្រាំបួន ពាន់លានដុល្លារទៅហើយ។អ្វីដែលជាគោលដៅថ្មីនៃ ទំហំពាណិជ្ជកម្ម របស់កម្ពុជាជាមួយនឹងចិន សម្ដេច បានស្នើឱ្យឡើងទៅដល់ ១៥ពាន់ លានដុល្លាររវាងកម្ពុជា និងចិន ។ មូលហេតុដែលសម្ដេច បានស្នើ ដោយសារទី១.មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចូលជាធរមានហើយ, ទី២. ដោយសារ មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងអាស៊ាន និងកូរ៉េ និងទី៣ ការមានភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ ដែលហៅថាអាសីប ដែលបានចូល ជាធរមានកាលពីខែមករា ឆ្នាំ២០២២ ផងដែរ។

សម្ដេចបានគូសបញ្ជាក់នៅក្នុងជំនួបនេះផងដែរដោយកាលពីព្រឹកមិញនេះ សម្ដេច បានស្នើឲ្យបណ្ដាសមាជិកអាស៊ានទាំងអស់ គាំទ្រ ប្រទេស កម្ពុជា ក្នុងការដាក់លេខាធិការដ្ឋានភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយ តំបន់នេះ នៅក្នុងរាជធានីភ្នំពេញ ។សម្ដេច ក៏បានស្នើឲ្យ ប្រទេសចិន ជួយគាំទ្រដល់សំណើរបស់សម្ដេចផងដែរ ខណៈ ប្រទេស ចិន ជាប្រទេសមួយដ៏ធំនៅក្នុងក្របខ័ណ្ឌអាសិបនេះ។

ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើតាមរយៈឯកឧត្តម រដ្ឋមន្រ្តីការបរទេសឱ្យបន្តជួយកម្ពុជា តាមរយៈការនាំចូលនូវកសិផល និងផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានដូចជា អង្ករ ផ្លែមៀនជាដើម ហើយនិងបណ្ដាផលិតផលកសិកម្មផ្សេងៗទៀត ដោយសារតម្រូវការនៅទីផ្សារចិនមានច្រើន។

មិនត្រឹមតែប៉ុណ្ណោះ សម្ដេចក៏បានស្នើឲ្យប្រទេសចិន បន្តបង្កើន ការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខនេះ ហើយ ស្នើឱ្យប្រទេសចិន បង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ។

ក្រៅពីនេះទៀត សម្ដេច ក៏បានស្នើឱ្យចិន ពិចារណា ជួយដល់ វិស័យ ថាមពល ដែលជាវិស័យសំខាន់របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រ ដល់ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងស្ថានភាពដែល មាន ផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន។ ថាមពលនេះ គឺមាន សារៈសំខាន់ផងដែរ។

ក្រៅពីនេះទៀត សម្ដេចតេជោហ៊ុន សែន និងឯកឧត្តម វ៉ាង យី ក៏ បានផ្លាស់ប្ដូរមតិលើបញ្ហាសភាពការណ៍នៅមីយ៉ាន់ម៉ា បញ្ហាសង្រ្គាម អ៊ុយក្រែនជាដើម ហើយនិងស្ថានភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ ជាពិសេស នៅក្នុងពេលបច្ចុប្បន្ន ។

ឆ្លើយតបទៅនឹងសំណើរបស់សម្តេចតេជោ ឯកឧត្តម វ៉ាង យី បាន អរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយឯកឧត្តមបានថ្លែង អំណរគុណសម្ដេច ដោយបានលើកចំណុចទាំងឡាយនោះ ជា ពិសេសទៀត គឺជាការបង្ហាញនូវកិច្ចសន្ទនាមួយដែល មាន សារៈសំខាន់។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជា ឆ្នាំនេះជាប្រធានប្ដូរវេនអាស៊ាន ដែល មានតួនាទីសំខាន់ធ្វើឱ្យទំនាក់ទំនងរវាងអាស៊ាន និងចិន ក្នុងពេល វេលា នេះ មានសារៈសំខាន់ណាស់ ហើយដោយសារតែទៅ លើការ ទុកចិត្តនៃលើគ្នាទៅវិញទៅមកនេះ។ជាពិសេសមិនត្រឹមតែប៉ុណ្ណោះទេ គឺ យើងអាចពឹងពាក់គ្នាទៅវិញទៅមកផងដែរ។

ពាក់ព័ន្ធនឹងការខិតខំព្យាយាមប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្ដារ ឡើងវិញទាំងសេដ្ឋកិច្ច ទាំងវិស័យផ្សេងទៀត ឯកឧត្តម វ៉ាង យី បានគូសបញ្ជាក់ថា ចិននឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេស កម្ពុជា។

ឯកឧត្តមក៏បានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់សម្តេចតេជោដែលបន្តមានឆន្ទៈក្នុងការគាំទ្រពីនយោបាយចិនតែមួយ ហើយ ជាពិសេសទៀតឯកឧត្តមបានគូសបញ្ជាក់ថា ចិននឹងធ្វើអ្វីៗ នឹង ព្យាយាមជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសនេះ។

ពាក់ព័ន្ធនឹងវិស័យវិនិយោគ ឯកឧត្តម បានបញ្ជាក់ថា ថ្វីដ្បិតបច្ចុប្បន្ន ប្រទេសចិន មានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិន នឹង បន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យ សហគមន៍ ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងវ៉ាក់សាំង ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលណាកម្ពុជា មានតម្រូវការ ចិននឹងជួយផ្ដល់នៅក្នុងលក្ខណៈអាទិភាពជូនកម្ពុជា។

ពាក់ព័ន្ធនឹងការនាំចូលនូវកសិផលនៃវិស័យកសិកម្មវិញ ចិនពិតជា រីករាយ នូវការបន្តនាំចូលកសិផល និងផលិតផលពីប្រទេសកម្ពុជា ។ឯកឧត្ដមបានគូសបញ្ជាក់ថា ប្រទេសចិន ជាទីផ្សារធំ ដូច្នេះហើយ អាចមានតម្រូវការច្រើន។

ពាក់ព័ន្ធនឹងជើងហោះហើរ ឯកឧត្តមបានមានប្រសាសន៍ថា ជើង យន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិន នឹង ពិចារណាក្នុងការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងវិស័យថាមពល ភាគីចិន និងពិនិត្យមើលលើករណីនេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញក្នុងវិស័យថាមពលនេះផងដែរ។

ជារួ កិច្ចពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី គឺមានភាពស៊ីជម្រៅក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេស ទៀតគឺ ការបង្កើនទាំងវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និង ការអភិវឌ្ឍផងដែរ។

ជាចុងក្រោយ ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍ថា សម្ដេចតេជោ ក្នុង នាមជាប្រធានអាស៊ាននៅឆ្នាំនេះ មានការប្រឈមជាច្រើន ដូច ដែល សម្តេចមានប្រសាសន៍ថា បញ្ហានេះមិនមែនជាដំឡូងក្ដៅទេ គឺជាថ្មក្ដៅ ដែលបន្ថែមម្ដងបន្តិចម្ដងៗ។តែថ្មក្ដៅនេះ ឱ្យទៅជាមាស បាន ដោយសារការប៉ិនប្រសព្វ និងបទពិសោធន៍របស់សម្ដេច តេជោនាយករដ្ឋមន្ត្រី ។ជាពិសេសទៀត ឯកឧត្ដម មានការជឿជាក់ថា កម្ពុជា មានគោលជំហរមួយដ៏អស្ចារ្យនៅក្នុងពិភពលោកនេះ តាមរយៈ ការងារជាប្រធានអាស៊ាននេះផងដែរ។

សម្ដេចតេជោ បានស្នើតាមរយៈឯកឧត្តម វ៉ាង យី គោរពជូនពរ ផ្ដាំសួរសុខទុក្ខដល់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តម នាយករដ្ឋមន្ត្រី លី ខឺឈាង ហើយក៏បានជូនពរឲ្យមហាសន្និបាត របស់ គណបក្សកុម្មុយនីសចិនលើកទី២០នេះ ទទួលបានជោគជ័យផងដែរ ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner