អង្គការសហប្រជាជាតិ គ្រោងបង្កើតបេសកកម្មស្វែងរកការពិត ជុំវិញការវាយប្រហារលើពន្ធធនាគារនៅតំបន់ដូណេតស្ក៍
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដធឺរែស នៅថ្ងៃពុធសប្តាហ៍នេះថា លោកនឹងបង្កើតបេសកកម្មស្វែងរកការពិត ដើម្បីពិនិត្យមើលការវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ លើពន្ធនាគារនៅតំបន់ ដូណេតស្ក៍ ក្នុងប្រទេសអ៊ុយក្រែន ដែលបានសម្លាប់អ្នកទោសសង្គ្រាមរាប់សិបនាក់។
លោក ហ្គូដធឺរែស បានប្រាប់អ្នកយកព័ត៌មានថា លោកបានទទួលសំណើពីរុស្ស៊ី និងអ៊ុយក្រែនសម្រាប់ការស៊ើបអង្កេតលើការបាញ់ផ្លោងដាក់មន្ទីរឃុំឃាំងនៅទីក្រុងជួរមុខ អូឡេនីវកា (Olenivka) ដែលផ្ទុកឈ្លើយសឹកសរុបចំនួន ១៩៣នាក់។ លោកបន្តថា ខ្ញុំបានសម្រេចចិត្ត ស្របតាមសមត្ថភាព និងអំណាចផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីចាប់ផ្តើមបេសកកម្មស្វែងរកការពិត… ខ្ញុំមិនមានសិទ្ធិអំណាចក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មទេ ប៉ុន្តែមានសិទ្ធិអំណាចដើម្បីចាប់ផ្តើមបេសកកម្មស្វែងរកការពិត។ លោកបន្ថែមថា លក្ខខណ្ឌនៃឯកសារយោងសម្រាប់បេសកកម្មស្វែងរកការពិតនោះ កំពុងត្រូវបានរៀបចំនៅពេលនេះ។ ពួកវានឹងត្រូវបានចែករំលែកជាមួយរដ្ឋាភិបាលរុស្ស៊ី និងអ៊ុយក្រែន។
ប្រមុខយូអិនរូបនេះបានសង្កត់ធ្ងន់ថា ខ្ញុំសង្ឃឹមថា យើងនឹងអាចមានការព្រមព្រៀងមួយ ស្តីពីលក្ខខណ្ឌនៃសេចក្តីយោងនៃបេសកកម្មនោះ។ លោកថា ទន្ទឹមនឹងនេះ ស្ថាប័នពិភពលោកក៏កំពុងជ្រើសរើសមនុស្សដែលមានសមត្ថភាព និងឯករាជ្យសម្រាប់បេសកកម្មស្វែងរកការពិតនេះ ហើយកំពុងចូលរួមក្នុងការងារសម្របសម្រួលយ៉ាងសកម្ម។
កន្លងមក បើតាមក្រសួងការពារជាតិរុស្ស៉ីនោះ អ៊ុយក្រែនបានប្រើប្រព័ន្ធផ្លោងគ្រាប់រ៉ុក្កែត HIMARS របស់អាមេរិក បាញ់ត្រូវចំពន្ធនាគារមួយកន្លែង ដែលស្ថិតក្នុងទឹកដីកាន់កាប់ដោយក្រុមផ្តាច់ខ្លួននៅភាគខាងកើតប្រទេស ហើយជាលទ្ធផលបង្កឱ្យឈ្លើយសឹកដែលជាអ្នកប្រយុទ្ធអ៊ុយក្រែនផ្ទាល់ចំនួន៤០នាក់បានស្លាប់ និងបណ្តាលឱ្យ៧៥នាក់ផ្សេងទៀតរងរបួស៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា