តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាប ខេត្ដសៀមរាប ដាក់ឲ្យប្រគួតប្រជែងបរិស្ថានស្អាត
សៀមរាប ៖ អាជ្ញាធរខេត្ដសៀមរាប បានដាក់គម្រោងឲ្យសហគមន៍ទេសចរណ៍ចំនួន៣ នៅជាប់បឹងទន្លេសាប នៃ ខេត្ដសៀមរាប បង្កើតរចនាសម្ព័ន្ធគ្រប់គ្រងសម្រាម ដើម្បីប្រគួតប្រជែងយកជ័យលាភីតំបន់ទេសចរណ៍បរិស្ថានស្អាត សម្រាប់ឲ្យមានការទាក់ទាញអ្នកទេសចរណ៍នៅពេលខាងមុខ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានថ្លែងក្នុងពិធីកិច្ចពិភាក្សាពីការវិចខ្ចប់កាកសំណល់ នៅសហគមន៍ទេសចរណ៍កំពង់ភ្លក់ ស្រុកប្រាសាទបាគង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ថា តំបន់ទេសចរណ៍ដែលត្រូវប្រឡង ជាតំបន់ទេសចរណ៍បៃតងស្អាតទាំងនោះរួមមាន៖ នៅសហគមន៍ទេសចរណ៍កំពង់ភ្លក់ ក្នុងស្រុកប្រាសាទបាគង សហគមន៍ទេសចរណ៍កំពង់ឃ្លាំង នៅស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចុងឃ្នៀស ក្រុងសៀមរាប ។
លោកបានបន្ដថា អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើតរចនាសម្ព័ន្ធ ពីការគ្របគ្រងសម្រាម សំណល់រឹង ឲ្យបានត្រឹមត្រូវនៅក្នុងតំបន់របស់ខ្លួន ទាំងនៅក្នុងរដូវវស្សា និងរដូវប្រាំង ដើម្បីប្រគួតប្រជែងគ្នាយកជ័យលាភីពីតំបន់ទេសចរណ៍បៃតងបរិស្ថានស្អាត ។ រចនសម្ព័ន្ធនៃការគ្រប់គ្រងកាកសំណល់នេះ មានអ្នកទទួលទុកដាក់សម្រាម អ្នកគ្រប់គ្រងពីការដឹកជញ្ជូនសម្រាម និងការផ្សព្វផ្សាយពីបរិស្ថានស្អាតជាដើម ដោយបង្កើតរចនាសម្ព័ន្ធនេះ ក្នុងរយៈពេលមួយខែ ។
លោកបានបន្ដថា សហគមន៍ទេសចរណ៍និមួយៗ ត្រូវសហការគ្នាជាមួយអង្គការដៃគូរ និងប្រជាសហគមន៍ ព្រះសង្ឃ យុវជនស្ម័គ្រចិត្ដ ដោយបំផុសគំនិតឲ្យពួកគាត់ចេះស្រលាញ់បរិស្ថាន ដូចដើររើសសម្រាម ដាក់ទៅក្នុងធុងសម្រាមនៅតាមទូកទេសចរណ៍ និងដាក់ពាក្យស្លោកពីបរិស្ថានស្អាតនៅតាមផ្ទះផងដែរ ។ ការគ្រប់គ្រងសម្រាមនៅតំបន់ទេសចរណ៍បឹងទន្លេសាបនោះ បានល្អប្រសើរ នឹងទទួលបានប័ណ្ណសរសើរ ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ដ។ លោកក៏ បានជម្រុញឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំសហគមន៍ទេសចរណ៍ យកចិត្ដទុកដាក់ពីការថែរក្សាបរិស្ថានប្រកបដោយនិរន្ដរភាព ដើម្បីទាក់ទាញអ្នកទេសចរ ។
លោក អ៊ឹង គឹមលាង ក៏បានគូសបញ្ជាក់ថា តំបន់ទេសចរណ៍កំពង់ភ្លក់ ជាតំបន់ទេសចរណ៍គំរូផ្នែកបរិស្ថានស្អាត ក្នុងចំណោមតំបន់ទេសចរណ៍ទាំងបីនៅបឹងទន្លេសាប ។ សហគមន៍ទេសចរណ៍កំពុងភ្លុកមួយនេះ ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ មានទីតាំងស្ថិតនៅក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណជា៣២គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាបឹងទន្លេសាប អាហារធម្មជាតិ ព្រៃធម្មជាតិ ។ ម៉្យាងទៀតនៅទីនេះ ភ្ញៀវទេសចរអាច មកជិះទូកលំហែកម្សាន្ត ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជានេសាទក្នុងតំបន់ផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប