លោកស្រី ផេឡូស៊ី នឹងជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនក្នុងថ្ងៃសុក្រសប្តាហ៍នេះ
តូក្យូ៖ យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ការរៀបចំកំពុងដំណើរការសម្រាប់នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ ដើម្បីជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅប្រទេសជប៉ុនក្នុងថ្ងៃសុក្រសប្តាហ៍នេះ។
កិច្ចជំនួបខាងលើនេះ គ្រោងធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់លោកស្រី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់។ បើតាមការរំពឹងទុកនោះ លោកស្រី ផេឡូស៊ី នឹងធ្វើដំណើរទៅដល់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ ហើយគ្រោងជួបជាមួយឥស្សរជននយោបាយជាន់ខ្ពស់របស់ជប៉ុន ក្នុងអំឡុងការបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកស្រីនៅទីនោះ។
លោក គីស៊ីដា និងលោកស្រី ផេឡូស៊ី ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីប្រទេសចិន កូរ៉េខាងជើង និងបញ្ហាក្នុងតំបន់ផ្សេងទៀត ព្រមទាំងការឈ្លាន ពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
គួរបញ្ជាក់ថា លោកស្រី ផេឡូស៊ី បានទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ជាផ្នែកមួយនៃដំណើរទេស្សនកិច្ចនៅអាស៊ីរបស់លោកស្រី ដោយក្លាយជាប្រធានសភាតំណាងរាស្រ្តអាមេរិកដំបូងគេ ដែលធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល ២៥ឆ្នាំ។ លោកស្រីបានជួបប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន កាលពីថ្ងៃពុធម្សិលមិញ។ ជាមួយគ្នានេះ ចិនបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ ដោយបានប្រកាសផែនការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ជុំវិញកោះតៃវ៉ាន់៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា