លោក ចូ បៃដិន ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិស្តីពីសិទ្ធិរំលូតកូន នៅសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីជួយធានាដល់ការទទួលបានសិទ្ធិរំលូតកូន។
លោក បៃដិន បានថ្លែងតាមប្រព័ន្ធអនឡាញពីសេតវិមានថា វិធានការនេះ គឺជាការឆ្លើយតបទៅនឹង “វិបត្តិថែទាំសុខភាពដែលបានលាតត្រដាង” ចាប់តាំងពីតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានលុបចោលសិទ្ធិរំលូតកូន Roe v. Wade ក្នុងខែមិថុនា ដែលបានលុបបំបាត់ការការពាររដ្ឋធម្មនុញ្ញ នៃសិទ្ធិរំលូតកូនសម្រាប់ស្ត្រី។
បទបញ្ជាប្រតិបត្តិនេះដែរ ក៏នឹងជួយស្ត្រីក្នុងការធ្វើដំណើរចេញពីរដ្ឋសម្រាប់ការថែទាំវេជ្ជសាស្រ្ត ខណៈធ្វើឱ្យប្រាកដថា អ្នកផ្តល់សេវាថែទាំសុខភាពគោរពតាមច្បាប់សហព័ន្ធ ដូច្នេះស្ត្រីមិនប្រឈមមុខនឹងការពន្យារពេល ឬការបដិសេធចំពោះការថែទាំចាំបាច់ខាងវេជ្ជសាស្ត្រ។
ក្រសួងយុត្តិធម៌អាមេរិកបានដាក់ពាក្យបណ្តឹង នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីការពារសិទ្ធិរបស់អ្នកជំងឺ ក្នុងការទទួលបានការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ ដែលធានាដោយច្បាប់សហព័ន្ធ។ បណ្តឹងនេះបានជំទាស់នឹងច្បាប់រដ្ឋ Idaho ដែលនឹងចូលជាធរមាននៅថ្ងៃទី២៥ ខែសីហា និងដាក់បម្រាមស្ទើរតែទាំងស្រុងលើការរំលូតកូន។
ការរំលូតកូន គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលបែកបាក់បំផុតនៅក្នុងសហរដ្ឋអាមេរិក។ បើគ្មានសិទ្ធិរំលូតកូន Roe v. Wade ទេ រដ្ឋនីមួយៗត្រូវបានអនុញ្ញាតឱ្យដាក់ច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេ លើនីតិវិធីវេជ្ជសាស្រ្ត។
យ៉ាងហោចណាស់រដ្ឋចំនួន ១០បានហាមឃាត់ការរំលូតកូន បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការកំពូល ដើម្បីលុបបំបាត់សិទ្ធិរំលូតកូន Roe v. Wade៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា