ក្មេងស្រី ២នាក់លង់ទឹកស្លាប់ខណៈពេលទៅឃ្វាលគោ
ខេត្តកំពង់ឆ្នាំង ៖ កុមារី ២នាក់ក្នុងចំណោម៣នាក់បានលង់ទឹកប្រឡាយស្លាប់ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣ និង ០០នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចប្រឡាយទឹក ត្រង់ចំណុចអណ្ដូងថ្មីស្ថិតនៅក្នុងភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ។
តាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតមាន១ឈ្មោះ ហន គាថាភាគអាយុ ១២ឆ្នាំ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ .២ ឈ្មោះ ហាន សុភ័ក្រ អាយុ ១៣ ឆ្នាំ រស់នៅភូមិស្វាយជ្រុំចាស់ ឃុំស្វាយជ្រុំ ចំណែកក្មេងស្រីម្នាក់ទៀត ដែលរួចផុតជីវិតដោយការសង្គ្រោះទាន់ពេលវេលាមានឈ្មោះ ឡុច នីកា អាយុ ១៣ឆ្នាំមានទីលំនៅភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ។
យោងតាមប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុក្មេងស្រីទាំង ៣នាក់រួម និងក្មេងៗដទៃទៀត បានទៅឃ្វាលគោនៅចំណុចកើតហេតុខាងលើ ហើយក៏បាននាំគ្នាចុះលេងទឹក ប្រឡាយ ទើបបណ្ដាលឲ្យលង់ទាំង ៣នាក់ ប៉ុន្តែក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល ។
សមត្ថកិច្ចទៅពិនិត្យកន្លែងកើតហេតុនិងបានធ្វើកោសល្យវិច័យ បានសន្និដ្ឋានថាពិតជាស្លាប់ដោយសារ លង់ទឹកពិតពិតប្រាកដមែន ហើយបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ សុខ គឹមសៀន








