សម្តេចក្រឡាហោម ស ខេង ក្រើនរំលឹកអភិបាលខេត្តព្រះវិហារថ្មី និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវខិតខំរួមគ្នាបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ !
ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពេលដែលសម្តេច បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល, អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារថ្មី នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារថ្មី ដែលប្រកាសចូលកាន់មុខតំណែងនៅពេលនេះ គឺឯកឧត្តម គីម រិទ្ធី ជំនួស ឯកឧត្តម ប្រាក់ សុវណ្ណ ដែលចូលនិវត្តន៍ ,លោក វ៉ាត ប៉ារ៉ានីន និងលោក ណុប វុទ្ធី ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោក ស៊ូ សិរី និង លោក លី សារ៉ារិទ្ធ ដែលត្រូវផ្ទេរភារកិច្ចទៅកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តរតនគីរី និងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម។
ដោយឡែក លោក ឡុង សុវណ្ណ អតីតប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋលេខាធិការ ហើយលោក ប្រាក់ សុវណ្ណ នឹងបន្តឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាខេត្ត និងប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា អភិបាលខេត្តព្រះវិហារថ្មីនេះ គឺជាមន្ត្រីមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំ ដោយធ្លាប់ឆ្លងកាត់កាន់មុខតំណែងជា អភិបាលរងខេត្តកណ្ដាលជិត ៨ឆ្នាំ និងមានបទពិសោធន៍ការងារជាច្រើនផ្សេងទៀតផងដែរ ។
សម្តេចក្រឡាហោម ស ខេង បានស្នើដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក ក្រុង និងឃុំ-សង្កាត់ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ សូមផ្ដល់ការគាំទ្រដល់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារថ្មី ដើម្បីបានបញ្ចេញនូវសមត្ថភាព និងបទពិសោធន៍ក្នុងការ ដឹកនាំ ដើម្បីបន្តអភិវឌ្ឍ នូវសមិទ្ធផលនានា បន្ថែមទៀត បន្ទាប់ពីថ្នាក់ដឹកនាំខេត្តមុនៗ សម្រេចយ៉ាងណាធ្វើឲ្យទឹកដីខេត្តព្រះវិហារ កាន់តែមានការរីកចម្រើន ថែមទៀត។
សម្តេចក្រឡាហោម ស ខេង បានក្រើនរំលឹកដល់អភិបាលខេត្តថ្មី និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនទាំងអស់ ត្រូវខិតខំរួមគ្នាក្នុងទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន ការជួញដូរ និងការរត់ពន្ធឆ្លងដែន។ល។ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូល ត្រូវរួមគ្នាអនុវត្ដ នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើរ ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យតែកាន់ល្អប្រសើរ ខិតខំដោះស្រាយសំណើ សំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ,បន្តអនុវត្តវិធានការ ដើម្បីប្រយុទ្ធជំងឺកូវីដ១៩ ,ខិតខំបន្តទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងអាជ្ញាធរដែនដី ជាមួយនឹងកម្លាំង ដែលឈរជើងនៅតាមព្រំដែន ដើម្បីរួមគ្នាការពារបូរណភាពទឹកដី ឯកភាពជាតិ ក៏ដូចជា ការពារការប្រឆាំងនូវបទល្មើសគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
អភិបាលខេត្តព្រះវិហារថ្មី លោក គីម រិទ្ធី បានធ្វើការប្ដេជ្ញាចិត្តថា នឹងប្តេជ្ញាការពារ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដោយរក្សាសន្តិភាព មិនអនុញ្ញាតឲ្យកម្លាំងអនាមិកណាមួយ មកបង្ករភាពអសន្តិសុខ បង្អាក់ដំណើរការដឹកនាំ អភិវឌ្ឍន៍ជាតិ មាតុភូមិ របស់ រាជរដ្ឋាភិបាល បានឡើយ ,ប្ដេជ្ញា អនុវត្តឲ្យមានប្រសិទ្ធភាព នូវកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ,ផ្ដល់ នូវកិច្ចសហការល្អ ជាមួយក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ,ប្តេជ្ញា អនុវត្ត ឱ្យបានម៉ឺងម៉ាត់ នូវវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ និង ខិតខំជំរុញការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឱ្យបានជាអតិបរមា ,ជំរុញអនុវត្តគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនា , ខិតខំកែលម្អភាពអសកម្មនានា ដែលធ្វើឲ្យប៉ះពាល់ដល់ការថ្នាំងថ្នាក់ប្រជាពលរដ្ឋ និងជំរុញការបម្រើសេវាសាធារណៈ ឲ្យខិតជិតប្រជាពលរដ្ឋ តាមរយៈយន្តការការិយាល័យច្រកចេញចូលតែមួយ ,ប្តេជ្ញា បន្តសហការឲ្យបានល្អ ជាមួយ ថ្នាក់ដឹកនាំក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្ត្រីក្រោមឱវាទផងដែរ ៕ ដោយ៖ ឡុង សំបូរ
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-08-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-10-2.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-10-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-16-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-17.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-18-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-19-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-29-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-30-2-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-30-697x1024.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-31-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-42-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-43-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-44-3.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-44-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-45.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-46-2-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-46-3-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-05_16-52-46-1024x768.jpg)