អត្តពលិកជនពិការកម្ពុជា រកបាន៥មេដាយបន្ថែម ខណៈ៤ប្រភេទមិនទទួលបានមេដាយ

សូឡូ៖ អត្តពលិកជនពិការកម្ពុជា រកមេដាយ៥បន្ថែម នៅថ្ងៃចុងក្រោយ ព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្តូនេស៊ី ។

តាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា នាយកបេសកម្ម បានអោយដឹងថា អត្តពលិកជនពិការកម្ពុជា រកបានមរដាយ៥បន្ថែម ក្នុងនោះមាសមួយ លើកីឡាអត្តពលកម្ម វិញ្ញាសាប្រណាំងរទេះ បណ្តាក់ ១០០ម៉ែត្រ គុណ៤ , មេដាយប្រាក់ កីឡាករ ខូយ កុយ វិញ្ញាសា៥០ម៉ែត្រ ហែលកង្កែប , មេដាយប្រាក់ក្រុមកីឡាការិនីបាល់បោះជិះរទេះ៥នាក់ទល់៥នាក់, និងមេដាយសំរឹទ្ធ២គ្រឿង កីឡាករ យ៉ាវ វណ្ណៈ និងយ៉ុន មួយ វិញ្ញាសា៥០ម៉ែត្រ ហែលសេរី ។ ធ្វើអោយកម្ពុជា ដណ្តើមបានមេដាយសរុប២៨គ្រឿង មាស៧ ប្រាក់១០ និងសំរឹទ្ធ១១ លើ៧ប្រភេទកីឡា មាន ប៊ូស្យា បាល់ទះអង្គុយបុរស បាល់បោះជិះរទេះ នារី កូនឃ្លីលើតុ អុក អត្តពលកម្ម និងហែលទឹក ។ រីឯ៤ប្រភេទកីឡាមិនទទួលបានមេដាយ មាន កីឡាវាយសី លើកទម្ងន់ បាល់បោះពិការភ្នែក (Goalball) និងបាល់ទាត់ចលករខួរក្បាល (Football CP )។

នាយកបេសកម្មរូបនេះ បន្តថាលទ្ធផលមេដាយខាងលើ កម្ពុជាសម្រេចគោលដៅលើសពីការរំពឹងទុក នឹងបានបានបំបែកកំណត់ត្រាការចូលរួមអាស៊ានប៉ារ៉ាហ្គេម៩លើកកន្លងទៅ ប្រៀបធៀបនឹងកាលឆ្នាំ២០០១ បាន៣គ្រឿង, ឆ្នាំ២០០៣ បាន៩គ្រឿង, ឆ្នាំ២០០៥ បាន៥គ្រឿង, ឆ្នាំ២០០៧ បាន១គ្រឿង, ឆ្នាំ២០០៩ បាន៧គ្រឿង, ឆ្នាំ២០១១ បាន៧គ្រឿង, ឆ្នាំ២០១៣ បាន៩គ្រឿង, ឆ្នាំ២០១៥ បាន ៩គ្រឿង និងឆ្នាំ២០១៧ បាន១០គ្រឿង ។ ខណៈអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ ដណ្តើមបានរហូតដល់២៨គ្រឿង ហើយសមិទ្ធផលនេះ គឺជាកម្លាំងជម្រុញលើកទឹកចិត្ត ដល់អត្តពលិកជនពិការអោយខិតខំហ្វឹកហាត់កាន់តែខ្លាំង ដើម្បីត្រៀមអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា អោយទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា នាល្ងាចថ្ងៃទី០៦ ខែសីហា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីនឹងធ្វើពិធីបិទជាផ្លូវការ ក្នុងនោះកម្ពុជា នឹងទទួលទង់ ដើម្បីធ្វើជាម្ចាស់ផ្ទះបន្តវេនា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner